អភិបាលខេត្តកំពង់ចាម បានដាក់ចេញនូវវិធានការរដ្ឋបាលក្នុងការបិទខ្ទប់ និងការពារកុំឲ្យរីកចេញទៅខាងក្រៅ ដើម្បីធ្វើការបោសសំអាតខ្សែចម្លងកូវីដ-១៩ពីសហគមន៍មួយទៅសហគមន៍មួយ


ខេត្តកំពង់ចាម៖ ក្នុងកិច្ចប្រជុំបូកសរុបអំពីវឌ្ឍភាពនៃការអនុវត្តការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានថ្លែងថាដើម្បីគ្រប់គ្រងស្ថានការណ៍ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ កុំឲ្យមានការរីកបន្ត យើងត្រូវអនុវត្ត យុទ្ធសាស្ត្រ២យ៉ាងគឺទី១- ត្រូវបិទខ្ទប់ក្តោបឲ្យជាប់ ទី២-ត្រូវការពារ កុំឲ្យរីកចេញទៅខាងក្រៅ ហើយយើង ត្រូវធ្វើការបោសសំអាត ដើម្បីកាត់ផ្ដាច់ខ្សែចម្លងសហគមន៍ក្នុងព្រឹត្តិការណ៍២០-កុម្ភៈ ដែលកំពុងបង្ក ការព្រួយបារម្ភពីគ្រប់មជ្ឈដ្ឋានផងនោះ ។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានណែនាំដល់មន្ត្រីពាក់ព័ន្ធត្រូវអនុវត្តវិធានការ សុខាភិបាល បន្តការគ្រប់គ្រងច្បាប់ ឲ្យជាប់ចំពោះអ្នកដែលសង្ស័យ ដែលត្រូវផ្តោតសំខាន់ទៅលើកម្មករ កម្មការិនី ពិសេសត្រូវបន្តស្រាវជ្រាវ ស្វែងរក អ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយនឹងអ្នកវិជ្ជមានកូវីដ-១៩ ពោលគឺត្រូវនាំគាត់ មកយកសំណាកតាមតេស្តរហ័សកូវីដ-១៩ និងដាក់ឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាល។ ជាមួយគ្នានោះ មន្ត្រីសុខាភិបាលស្រុកនិមួយៗ ត្រូវអនុវត្តវិធានការ នេះ ឲ្យបានម៉ឺងម៉ាត់ ពេលពិនិត្យរកឃើញ អ្នកវិជ្ជមាន ហើយនោះ ទោះជានៅទីកន្លែងណាក៏ដោយ គឺត្រូវនាំ គាត់ទៅព្យាបាលជាបន្ទាន់ ក្នុងនោះ មន្ទីរពេទ្យស្រុកនិមួយៗ ត្រូវរៀបចំគ្រែទទួលអ្នកជំងឺកូវីដ-១៩ ឱ្យបានយ៉ាងតិច ១០គ្រែ ឬលើសពីនេះផងដែរ។

បើតាមរបាយការណ៍របស់លោក គឹមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានឲ្យដឹងថា សម្រាប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តកំពង់ចាម បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ករណីឆ្លងថ្មី ចំនួន ៩៣នាក់ ដែលធ្វើឱ្យចំនួនអ្នកជំងឹដែលបានរកឃើញវិជ្ជមានកូវីដ-១៩សរុបចំនួន៤០០នាក់ ក្នុងនោះអ្នកជំងឺ ជាសះស្បើយ១២៨នាក់ និងស្លាប់២នាក់) និងមានជំងឺកូវីដ-១៩ ចំនួន២៧០នាក់ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម។ អ្នកដែលបានប៉ះពាល់នឹងអ្នកវិជ្ជមានកូវីដ-១៩ កំពុងធ្វើចត្តាឡឺស័កនៅមណ្ឌលចត្តាឡីស័ក សរុបចំនួន ២.០៧៩នាក់ ក្នុងនោះនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត ចំនួន ៦០៦នាក់ មណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលស្រុកស្រីសន្ធរ១៦នាក់ស្រុកបាធាយ ៤៨៤នាក់ ស្រុកកងមាស ៥៦នាក់ ស្រុកចំការលើ ៦២នាក់ ស្រុកកំពង់សៀម ៤០១នាក់ និងនៅមន្ទីរពេទ្យខេត្ត ១២នាក់ ៕