អ្នកឧកញ៉ា គិត ម៉េង ផ្ញើសារចូលរួមរំលែកទុក្ខជូន ឯកឧត្តម គង់ វិបុល ចំពោះមរណភាពរបស់ឧបាសិកា នង តាំងអ៉ីម


(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូន ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ចំពោះមរណភាព របស់ឧបាសិកា នង តាំងអ៊ីម ដែលជាម្តាយបង្កើតរបស់ឯកឧត្តម គង់ វិបុល។

អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់តាមរយៈលិខិត ចូលរួមរំលែកទុក្ខយ៉ាងដូច្នេះថា «ខ្ញុំ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកានៃសភាពាណិជ្ជកម្មកម្ពុជា មានសេចក្តីតក់ស្លុត ក្ដុកក្ដួលប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំជាទីបំផុត និងសូមចូលរួមសម្តែងការសោកស្តាយឥតឧបមាដោយ បានទទួលដំណឹងថា ឧបាសិកា នង តាំងអ៊ីម ដែលត្រូវជាមាតាបង្កើតរបស់ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានទទួលមរណភាព នាថ្ងៃសុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៦៖០០នាទីព្រឹក ក្នុងជន្មាយុ ៩១ឆ្នាំ ដោយជរាពាធ។

ការទទួលមរណភាពរបស់ ឧបាសិកា នង តាំងអ៊ីម គឺជាការបាត់បង់នូវមាតា ជីដូន ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាបំផុត ដែលបានលះបង់ ទាំងកម្លាំងកាយ និងប្រាជ្ញាស្មារតី មិនគិតពីការនឿយហត់ លំបាកលំបិន ជំនះរាល់ឧបសគ្គនានា ដើម្បី កូនៗ ចៅៗ មានអនាគតរុងរឿង។

នៅក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្ត ក្រៀមក្រំស្ទើររកទីបំផុតគ្មាននេះ ខ្ញុំ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកានៃសភាពាណិជ្ជកម្មកម្ពុជា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ ព្រមទាំងក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធ ឧបាសិកា នង តាំងអ៊ីម សូមឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ»៕