ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវក្រុងទាំង៣៤ខ្សែ នៅខេត្តព្រះសីហនុ ខណៈគម្រោងសាងសង់ជិតរួចរាល់ ១០០ភាគរយហើយ


(ព្រះសីហនុ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រង និងអភិវឌ្ឍតំបន់ ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវក្រុងទាំង ៣៤ខ្សែ នៅខេត្តព្រះសីហនុ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាល អនុវត្តដោយ គ.អ.ឆ.ក.។

ការចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវក្រុងទាំង ៣៤ខ្សែនេះ មានការចូលរួមជាមួយ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួង ទេសចរណ៍ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.អ.ឆ.ក. ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាអនុប្រធាន គ.អ.ឆ.ក ឫកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងសមាជិក គ.អ.ឆ.ក. រួមទាំងមន្រ្តីជំនាញផងដែរ។

ការងារស្ថាបនាផ្លូវក្រុងទាំង ៣៤ខ្សែនេះ គិតមកដល់បច្ចុប្បន្នទទួលបានលទ្ធផលដូចតទៅ៖

*ការងារចាក់បេតុងផ្លូវសម្រេចបាន ១០០%។
*ការងារអ៊ុតកៅស៊ូបេទីម កម្រាស់ ៧០មីលីម៉ែត្រ សម្រេចបាន ១០០%។
*ការងារគំនូសចរាចរណ៍សម្រេចបាន ១០០%។
*ការងារដំឡេីងផ្លាកសញ្ញាចរាចរណ៍ សម្រេចបាន ១០០%។
*ការងារដំឡេីងបង្គោលភ្លេីងបំភ្លឺផ្លូវសម្រេចបាន ១០០%។
*កាេងារដាំដេីមឈេីសម្រេចបាន ១០០%
*ការងារបន្ទប់ទឹកសាធារណៈសម្រេចបាន ៩៣%
*ការងារបំពាក់កាមេរ៉ាសុវត្ថិភាពសម្រេចបាន ៦០%
*ការងារធ្វេីផ្លូវប្របឆ្នេរអូរឈើទាលកាត់តាមពយតាមូង សម្រេចបាន៩៥%
*ការងារស្ថាបនាស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ សម្រេចបាន ១០០%។
*ការងារស្ថាបនាស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ សម្រេចបាន ៨៤%។
និងកំពុងពិនិត្យលទ្ធភាពស្ថាបនាស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣។

សូមបញ្ជាក់ថា ដើម្បីលើកកម្ពស់សោភណភាព និងសម្រួលដល់ការធ្វើចរាចរណ៍នៅក្នុងព្រះសីហនុ ដែលទីគោលដៅទេសចរណ៍ និងសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជានៅភាគនិរតីនោះ រាជរដ្ឋាភិបាលបានសម្រេចទម្លាក់កញ្ចប់ថវិកាជាតិរហូតដល់ទៅប្រមាណជា ៣០០លានដុល្លារអាមេរិក ដើម្បីសាងសង់ផ្លូវធំតូចសរុបចំនួន៣៤ខ្សែ មានប្រវែងផ្លូវសរុប ៨២.១៤៥គីឡូម៉ែត្រ នៅក្នុងក្រុងព្រះសីហនុ។ ផ្លូវទាំង៣៤ខ្សែ បានចាប់ផ្តើមបើកការដ្ឋានសាងសង់ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

ផ្លូវទាំង៣៤ខ្សែនេះចែកចេញជា៣ប្រភេទរួមមាន៖

*ទី១៖ មហាវិថីចំនួន ៣ខ្សែប្រវែងជាង ២២គីឡូម៉ែត្រ មានទទឹង ៥០ម៉ែត្រ ទ្រូងផ្លូវទទឹង ២៥.៧៥ម៉ែត្រ មានគន្លងផ្លូវរថយន្ត៦គន្លង (៣ទៅ ៣មក) ផ្លូវទោចក្រយានយន្ត២គន្លង រួមមាន៖ មហាវិថីរាម (លេខ៤៥), មហាវិថីឆ្នេររាម និងមហាវិថីជំទាវម៉ៅ (លេខ៤៧)។

*ទី២៖ វិថីមានចំនួន១៦ខ្សែ មានប្រវែងជិត ៥០គីឡូម៉ែត្រ មានទទឹង ២០ម៉ែត្រ ទៅ ៤០ម៉ែត្រ ទ្រូងផ្លូវទទឹង ១០.២៥ម៉ែត្រ ទៅ ១៧.២៥ម៉ែត្រ មានគន្លងផ្លូវរថយន្ត២គន្លង ទៅ៤គន្លង, ផ្លូវទោចក្រយានយន្ត២គន្លង។ វិថីទាំង ១៦ខ្សែនេះរួមមាន៖ វិថីលេខ ៨៣៧-១ វិថីអូត្រេះ, វិថីឆ្នែរអូរឈើទាល (លេខ៥០) វិថីកោះពូឡូវៃ (លេខ៣០០), វិថីឯករាជ្យ (លេខ១០០), វិធី២ធ្នូ (លេខ៦០០), វិថីលំហែព្រះភូមិន្ទ, វិថីឆ្នេរអូរត្រេះ, វិថីគុជអាស៊ី (លេខ១២៣៧), វិថីបុរីកម្មករ (លេខ១១២), វិថីជោតញ្ញាណ (លេខ៧០១), វិថី២៨មិថុនា (លេខ១២៣), វិថីមិត្តភាពកម្ពុជា-រុស្ស៉ី (លេខ៧០៥) វិថីចំណោតអូរត្រាវ និងវិថីឆ្នេរពយជំទាវម៉ៅ និងវិថីអូរត្រជាក់ចិត្ត។

*ទី៣៖ អនុវិថី មានចំនួន ១៥ខ្សែ មានប្រវែងជិត ១២គីឡូម៉ែត្រ មានទទឹងផ្លូវពី ១៥ម៉ែត្រ ទៅ៤៥ម៉ែត្រ ទ្រូងផ្លូវទទឹង ១០.២៥ម៉ែត្រ មានគន្លងផ្លូវរថយន្ត ២គន្លង និងផ្លូវទោចក្រយានយន្ត២គន្លង។ អនុវិថីទាំង១៥ខ្សែនេះ រួមមាន៖ ផ្លូវកាត់ទទឹងវិថីអូរត្រេះ និងវិថីឆ្នេរអូរត្រេះ, ផ្លូវលេខ៨០១, ផ្លូវលេខ៥០១, ផ្លូវលេខ៥០៣, ផ្លូវលេខ៥០៥, ផ្លូវលេខ៥០៧, ផ្លូវលេខ១១៥, ផ្លូវលេខ៦០២, ផ្លូវលេខ៥០២, ផ្លូវលេខ៨១០, ផ្លូវលេខ ៨១៨៨, ផ្លូវលេខ១០២, ផ្លូវលេខ៨០៦, ផ្លូវលេខ១០៦ និងផ្លូវលេខ១២៦ លើកលែងតែកំណាត់ទី៣ នៃផ្លូវលេខ៨០១ ប្រវែង ១០៣ម៉ែត្រ ផ្លូវមានទទឹង ១០ម៉ែត្រ៕