សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឲ្យ លោកជំទាវ សិន យៀកយៀក ចូលជួបសវនកា និងសម្តែងការគួរសមនៅវិមានរដ្ឋសភា


កាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង៩:០០ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោកជំទាវ សិន យៀកយៀក (H.E. Ms. Shen Yueyue) អនុប្រធានសភាតំណាងប្រជាជនចិនទូទាំងប្រទេស និងជាប្រធានសហព័ន្ធនារីទូទាំងប្រទេសចិនចូលជួបសវនកា និងសម្តែងការគួរសមនៅវិមានរដ្ឋសភា។
សម្តេចប្រធានបានសម្តែងនូវកិច្ចស្វាគមន៌យ៉ាងកក់ចំពោះលោកជំទាវសិន យៀកយៀក ដែលបានដឹកនាំគណៈប្រតិភូស្រ្តីមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចកក្រកម្ពុជា និងបានឆ្លៀតពេលវេលាមដ៏មមាញឹកមកជួបសម្តែងការគួរសមជាមួយសម្តេចប្រធាន។ សម្តេចបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ច ហើយបានចាត់ទុកជាការបន្តពង្រឹង និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ចិន ដែលមានជាយូរលង់មកហើយចាប់តាំងពីការបង្កើតទំនាក់ទំនងដំបូងរវាងព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតកោដ និងប្រមុខរដ្ឋ ឯកឧត្តម ជូ អេនឡាយ និងឯកឧត្តម ម៉ៅ សេទុង ឲ្យកាន់តែស្ថិតស្ថេរ និងរឹងមាំជានិរន្ត។
សម្តេចប្រធានបានបញ្ជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះរវាងប្រទេសទាំងពីរបានវិវឌ្ឍន៍ឈានឡើងជាលំដាប់ ហើយបានឈានដល់កម្រិតខ្ពស់ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្រ្ត ដោយបាននាំមកនូវផលប្រយោជន៌ និងវិបុលភាពដល់ប្រជាពលរដ្ឋទាំងសងខាង។ សម្តេចប្រធានបានចាត់ទុកមហាមិត្តចិនជាមិត្តជិតខាងដ៏ល្អនៅគ្រប់កាលទេសៈ ដែលមានភាពជឿជាក់ និងប្រកបដោយភាពទុកចិត្តលើគ្នាទៅវិញ ទៅមក ហើយកម្ពុជាជានិច្ចកាលគឺគោរពតាមគោលការណ៌គោលនយោបាយ “ចិនតែមួយ”។
ក្នុងឱកាសនោះដែរ លោកជំទាវ សិន យៀកយៀក អនុប្រធានសភាតំណាងប្រជាជនចិនទូទាំងប្រទេស និងជាប្រធានសហព័ន្ធនារីទូទាំងប្រទេសចិនបានសម្តែងនូវក្តី សោមនុស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធាន ដែលបានឆ្លៀតពេលដ៏មមាញឹក អនុញ្ញាត ឲ្យលោកជំទាវ និងគណៈប្រតិភូបានចូលជួបសវនកា និងសម្តែងការគួរសម។ លោកជំទាវបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះសម្តេចប្រធាន ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹង និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលបានឈានដល់កម្រិតកំពូល និងល្អបំផុតក្នុងប្រវត្តិសាស្រ្ត ព្រមទាំងបានក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនាពេលបច្ចុប្បន្ន។ លោកជំទាវបានបញ្ជាក់ និងសង្កត់ធ្ងន់ថា ប្រទេសចិននឹងនៅជាមិត្តជិតខាងល្អជាអមតៈរបស់កម្ពុជា ហើយដែលជានិច្ចកាលនឹងជួយគាំទ្រគ្នាទៅវិញទៅមកទាំងក្នុងបញ្ហាកម្រិតតំបន់ និងពិភពលោក។
ជាមួយគ្នានេះដែរ លោកជំទាវក៏បានពាំនាំនូវការផ្តាំផ្ញើរការសួរសុខទុក្ខពីឯកឧត្តមប្រធានរដ្ឋសភានៃប្រជាជនចិនទូទាំងប្រទេសចំពោះសម្តេចប្រធានរដ្ឋសភា និងបានអរគុណដល់រាជរដ្ឋាភិបាល រដ្ឋសភាកម្ពុជា និងប្រជាជនកម្ពុជាដែលតែងគាំទ្រ ដល់ផលប្រយោជន៌ស្នូលរបស់ចិន។