ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ អញ្ជើញបញ្ចុះ បឋមសីលា ផ្ទះគំរូ៦៥ខ្នង ជូនសហគមន៍ជនក្រីក្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ


កំពង់ធំ៖ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីបញ្ចុះបឋមសីលា ផ្ទះគំរូ៦៥ ខ្នង ដែលធ្វើជូនសហគមន៍ជនក្រីក្រនៃឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅចំណុចភូមិដូនប៉ែន។

ផ្ទះនេះជាការឧបត្ថម្ភរបស់សប្បុរសជនកាតា តាមរយៈអង្គការគាំពារអំពើមនុស្សធម៌ នៃរដ្ឋកាតា សហការជាមួយ អង្គការពិភពលោកនៃក្តីមេត្តាប្រចាំកម្ពុជា។ តាមការបញ្ជាក់ របស់ប្រធានគម្រោងអង្គការដៃគូរ បានអោយដឹងថា ផ្ទះគំរូខាងលើ មាន៦៥ខ្នង សម្រាប់ផ្តល់ជូនគ្រួសារក្រីក្រ ៦៥គ្រួសារ ដែលសមាជិកគ្រួសារមធ្យមគឺ៦នាក់ ហើយសរុបចំណាយថវិកាទាំងអស់ ៤២ម៉ឺនដុល្លាអាមេរិក ដែលសង់នៅលើផ្ទៃដីប្រមាណ ១ហិកតា កន្លះ។ លោកប្រធានគម្រោងបានបញ្ជាក់ថា នៅក្នុងភូមិគំរូ ក៏នឹងមានសាលារៀន និងវិហារឥស្លាមមួយ ផងដែរ។

លោក ហាម៉ាត់ ហ្សាសវ៉ានី ប្រធានអង្គការគាំពារមនុស្សធម៌ នៃរដ្ឋកាតា បានលើកឡើងថា គម្រោងផ្ទះគម្រូ គឺជាគម្រោងធ្វើឡើងក្នុងការ ចូលរួមកាត់បន្ថយភាពក្រីក្ររបស់សហគមន៍ ហើយក៏ដើម្បីលើកកំពស់ជីវភាព នៃការរស់នៅបែបអនាម័យ សណ្តាប់ធ្នាប់ និង ពង្រឹងវិស័យអបរំ ខណៈដែលក្នុងភូមិគំរូ ក៏មានអាគារសិក្សាផងដែរ។ លោកបន្តថា បន្ទាប់ពីគម្រោងទាំងមូលធ្វើរួចរាល់ គឺអ្នកដែលដែលទទួលផ្ទះគំរូ នឹងទទួលបានការផ្គត់ផ្គង់ មធ្យោបាយដើមទុន បង្កបង្កើនផលផ្សេងៗទៀត ដូចជាការកម្ចីដើមទុនអាជីវកម្មខ្នាតតូច រឺការផ្តល់ម៉ាស៊ីនដេរ ម៉ូតូជាដើម។ ក្នុងនោះដែរ លោកក៏បានសរសើរពីនយោបាយបើកទូលាយ និងការផ្តល់ភាពកក់ក្តៅ របស់ប្រមុខរដ្ឋាភិបាលមកលើសហគមន៍ខ្មែរឥស្លាម ដែលធ្វើអោយអង្គការរបស់លោកមានឆន្ទៈ តស៊ូចូលរួមជាមួយរារដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ។

ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ បានកោតសរសើរ នូវការខិតខំប្រឹងប្រែងរបស់ អង្គការដៃគូក្នុងស្រុក គឺអង្គការពិភពលោកនៃក្តីមេត្តា ដែលជាអង្គការបាននិងកំពុងដើរ តួនាទីយ៉ាងសំខាន់ ក្នុងការគៀងគរមូលនិធិមនុស្សធម៌ ជាច្រើនលើសលប់ពីក្រៅប្រទេស ដើម្បីមកជួយដោះស្រាយទុក្ខលំបាក របស់ជនទីទ័លក្រនៅកម្ពុជា។ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ បញ្ជាក់ថា ចំណុចដែលត្រូវដាក់អោយសង់ភូមិគំរូ គឺជាអតីតស្រុកកំណើតរបស់លោក ហើយក៏ជាតំបន់ដែលរងការសម្លាប់រង្គាល ពីសំណាក់ខ្មែរក្រហម ក្នុងសម័យ ប៉ុល ពត ហើយបន្តយាយីរហូតទោះបីរបប ខ្មែរក្រហម បានរលត់ តែនៅតែរស់មិនបានសុខរហូត ប្រជាពលរដ្ឋបោះបង់ភូមិនេះ លែងមានផ្ទះសំបែងមករស់នៅផ្តុំគ្នា នៅភូមិដូនប៉ែនវិញ។ ឯកឧត្តម បន្តថា ដោយគោលនយោបាយផ្សះផ្សារជាតិ ដោយហ៊ានលះបង់ឈាមស្រស់របស់សម្តេចតេជោ ហ៊ុន សែន គឺភូមិនានា បានទទួលមកវិញនូវសន្តិភាព និងអ្នកដែលជម្លៀស ក៏ត្រូវវិលមកភូមិកំណើត មករួមរស់ជាមួយក្រុមគ្រួសារវិញ៕