នៅព្រឹកថ្ងៃចន្ទ ១២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២១ សាលាស្រុកជើងព្រៃ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុក ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំភឿន គុណវុឌ្ឍ អភិបាល រងនៃគណៈអភិបាលខេត្តកំពង់ចាម ដោយមានការចូលរួមពី លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ មន្ត្រីសាលាស្រុក លោកមេឃុំនិងមេភូមិផងដែរ។
ជាមួយគ្នានោះដែរ ឯកឧត្តម អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា លោក សុខ មករា ដែលបាន ប្រកាសតែងតាំងឲ្យចូលកាន់មុខតំណែងជាអភិបាលរងស្រុកតាមសេចក្តីប្រកាស លេខ ១៣៧៥ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីការផ្ទេរភារកិច្ចមន្រ្តីរាជការ លោក សុខ មករា ពីអភិបាលរងក្រុងកំពង់ចាម មកជាអភិបាលរងស្រុកជើងព្រៃទើបប្រកាសថ្មីៗ ត្រូវតែប្ដេជ្ញាចិត្ត អនុវត្តនិងគោរពតាមការណែនាំ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ប្រគល់ជូន ខិតខំបំពេញការងារតាមតួនាទីភារកិច្ចឲ្យអស់ពីកម្លាំងកាយកម្លាំងចិត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ បង្កើនសាម្គីភាពផ្ទៃក្នុង និងបង្កើនទំនាក់ទំនងល្អជាមួយអង្គភាពជំនាញដៃគូអភិវឌ្ឍន៍វិស័យឯកជន និងអ្នកពាក់ព័ន្ធនានាឲ្យកាន់តែល្អប្រសើរ ចូលរួមផ្ដល់សេវាសាធារណៈលើគ្រប់វិស័យ ឲ្យកាន់តែល្អប្រសើរដល់ប្រជាពលរដ្ឋ។ មន្ត្រីទាំងអស់ត្រូវសិក្សាស្វែងយល់ពីលិខិតបទដ្ឋាននានា សហការជាមួយដៃគូអង្គភាពចំណុះអោយស្រុក ចេះសាមគ្គីភាពផ្ទៃក្នុងនៅក្នុងអង្គភាព ត្រូវខិតខំបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួន ធ្វើផែនការប្រចាំសប្តាហ៍ ប្រចាំខែ ប្រចាំឆ្នាំ បំពេញនូវចំណុចខ្វះខាតនិងសហការជាមួយមន្ត្រីទាំងអស់នៅក្នុងស្រុក ស្វែងយល់ពីប្រព័ន្ធបច្ចេកវិទ្យាទំនើបថ្មីៗដើម្បីអោយការងារនៅក្នុងស្រុករបស់យើងរីកចម្រើន ។ មន្រ្តីទើបតែតែងតាំងថ្មីនេះត្រូវយកចិត្តទុកដាក់រាល់ការងារទាំងអស់ ឲ្យមានលក្ខណៈប្រសើរឡើង ធ្វើការផ្សព្វផ្សាយនូវអ្វីដែលខ្លួនទទួលបានជោគជ័យទៅដល់មូលដ្ឋានរបស់ខ្លួនដែលចង់បានចុះជំរុញ និងលើកទឹកចិត្តសហការជាមួយដៃគូអភិវឌ្ឍន៍ក្នុងតំបន់របស់ប្រជាពលរដ្ឋ។ ឯកឧត្តម ក៏បានកោតសរសើរ ដល់រដ្ឋបាលស្រុកជើងព្រៃ កន្លងមកបានខិតខំទប់ស្កាត់នៃការរីករាលដាលនៃជំងឺ កូវីដ-19 ដែលបានឆ្លងចូលសហគមន៍ ទោះជាយ៉ាងណាក៏យើងអាចគ្រប់គ្រងសភាពការណ៍បានល្អប្រសើ ដោយសារតែយើងគោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តកំពង់ចាម។
នៅចុងបញ្ចប់ ឯកឧត្តម អ៊ុំភឿន គុណវុឌ្ឍ បានថ្លែងអំណរគុណដល់អស់លោក លោកស្រី ដែលបានចូលរួមនៅពេលនេះត្រូវពង្រឹងនិងអនុវត្តការងាររបស់ខ្លួនឲ្យកាន់តែល្អប្រសើរឡើង និងចេះសហការគ្នាសាមគ្គីគ្នាដើម្បីអភិវឌ្ឍស្រុកជើងព្រៃ ឲ្យមានការរីកចម្រើនព្រមទាំងទទួលបាននូវជោគជ័យភារកិច្ចរបស់ខ្លួន និងសូមផ្ដាំផ្ញើ ដល់អាជ្ញាធរភូមិឃុំត្រូវចេះសហការគ្នានៅតាមមូលដ្ឋានធ្វើការទំនាក់ទំនងជាមួយអង្គការដៃគូរបស់ខ្លួនផងដែរ។