នៅព្រឹកថ្ងៃចន្ទ ១២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម កៅ សុខអាន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីប្រកាសផ្ទេរភារកិច្ច អភិបាលរងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងមានការចូលរួមពីឯកឧត្ដមសមាជិកក្រុម ប្រឹក្សាស្រុក លោកមេឃុំ និងមន្ត្រីរាជការ នៃសាលាស្រុកស្ទឹងត្រង់។
តាមសេចក្តីប្រកាសលេខ ១៣៧៥ប្រក ស្តីពីការផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន ០៨រូប ឱ្យកាន់មុខតំណែងជាអភិបាលរងស្រុក នៅក្នុងខេត្តកំពង់ចាម ដោយឡែក ១.លោក អៀង ថៃហុង ឋានន្តរស័ក្តិនាយក្រមការថ្នាក់លេខ៣ ពីអភិបាលនៃគណៈអភិបាលរងស្រុកចំការលើ ឱ្យទៅកាន់តំណែងជាអភិបាលរង នៃ គណៈអភិបាលរងស្រុកស្ទឹងត្រង់ ។
លោក អៀង ថៃហុង អភិបាលរងស្រុកស្ទឹងត្រង់ បានធ្វើការប្តេជ្ញាចិត្ត ខិតខំអនុវត្តន៍ ការងារជាជំនួយការអភិបាលលើភារកិច្ចនានាដែលប្រគល់ និងធានានិរន្តរភាពកិច្ចការប្រចាំថ្ងៃ របស់ក្រុមប្រឹក្សា និងគណៈអភិបាលឱ្យបានល្អ។ អនុវត្តន៍ការងារធានាឱ្យអង្គភាព បុគ្គលិក របស់ក្រុមប្រឹក្សាអនុវត្តន៍សេចក្តីសម្រេចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលឱ្យបានល្អ។ អនុវត្តន៍រាល់ផែនការ និងសេចក្តីសម្រេចរបស់ក្រសួង ខេត្ត ស្រុក ឱ្យបានល្អ។ រក្សាសាមគ្គី ភាពផ្ទៃក្នុងរវាងអភិបាល អភិបាលរង បុគ្គលិក ក្រុម ប្រឹក្សា និងគណៈអភិបាល ព្រមទាំង ការិយាល័យ អង្គភាពនានា ជុំវិញស្រុកឱ្យបានល្អ។
ឯកឧត្តម កៅ សុខអាន អភិបាលរងខេត្តកំពង់ចាម មានប្រសាសន៍ផ្តាំផ្ញើ ដល់លោកអភិបាលរងស្រុក ត្រូវអនុវត្តនិងគោរពតាមការណែនាំ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ប្រគល់ជូន ខិតខំបំពេញការងារតាមតួនាទីភារកិច្ចឲ្យអស់ពីកម្លាំងកាយកម្លាំងចិត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ បង្កើនសាម្គីភាពផ្ទៃក្នុង និងបង្កើនទំនាក់ទំនងល្អជាមួយអង្គភាពជំនាញដៃគូអភិវឌ្ឍន៍វិស័យឯកជន និងអ្នកពាក់ព័ន្ធនានាឲ្យកាន់តែល្អប្រសើរ ចូលរួមផ្ដល់សេវាសាធារណៈលើគ្រប់វិស័យ ឲ្យកាន់តែល្អប្រសើរដល់ប្រជាពលរដ្ឋ។ មន្ត្រីទាំងអស់ត្រូវសិក្សាស្វែងយល់ពីលិខិតបទដ្ឋាននានា សហការជាមួយដៃគូអង្គភាពចំណុះអោយស្រុក ចេះសាមគ្គីភាពផ្ទៃក្នុងនៅក្នុងអង្គភាព ត្រូវខិតខំបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួន ធ្វើផែនការប្រចាំសប្តាហ៍ ប្រចាំខែ ប្រចាំឆ្នាំ បំពេញនូវចំណុចខ្វះខាតនិងសហការជាមួយមន្ត្រីទាំងអស់នៅក្នុងស្រុក ស្វែងយល់ពីប្រព័ន្ធបច្ចេកវិទ្យាទំនើបថ្មីៗដើម្បីអោយការងារនៅក្នុងស្រុករបស់យើងរីកចម្រើន ។ និងសូមបន្តផ្សព្វផ្សាយជូនប្រជាពលរដ្ឋ នូវវិធានការ ៣ការពារ និង៣កុំ និងអនុវត្តនូវវិធានការសុខាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឲ្យមានប្រសិទ្ធភាព ។