ឯកឧត្តម ជា សុមេធី និងឯកឧត្តម ហុឺ ប៉ាវី បានចុះសួរសុខទុក្ខក្រុមគ្រូពេទ្យជួរមុខព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩ បាននាំយកសម្ភារៈប្រើប្រាស់មួយចំនួនមកលើកទឹកចិត្ដដល់ទាហានឈុត ស នៅមន្ទីរពេទ្យបង្អែកស្រុកព្រះស្តេច ខេត្តព្រៃវែង


ថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងឯកឧត្តម ហុឺ ប៉ាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះស្តេច បានចុះសួរសុខទុក្ខក្រុមគ្រូពេទ្យជួរមុខព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩ បាននាំយកសម្ភារៈប្រើប្រាស់មួយចំនួនមកលើកទឹកចិត្ដដល់ទាហានឈុត ស នៅមន្ទីរពេទ្យបង្អែកស្រុកព្រះស្តេច ខេត្តព្រៃវែង។
សូមបញ្ជាក់ថា សម្ភារៈនេះ បានចែកជូនក្រុមគ្រូពេទ្យជួរមុខព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩ និងលោកគ្រូ អ្នកគ្រូពេទ្យស្រុកព្រះស្តេចទាំងអស់ នាពេលនេះ សម្រាប់ប្រើប្រាស់ចាំបាច់បឋម ជាមួយថវិកាមួយចំនួន ដើម្បីសម្រាលដល់ទុក្ខលំបាកខ្លះៗ ត្បិតថា អាចមានតិច មានច្រើន ក៏ប៉ុន្តែនេះជាការគាំទ្រ និងលើកទឹកចិត្តជាពិសេស ក្នុងគ្រាដ៏លំបាកនៃវិបត្តិកូវីដ-១៩ នេះ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្តក៏បានសួរសុខទុក្ខដល់អ្នកឆ្លងជំងឺកូវីដ-១៩ កំពុងព្យាបាលនៅមន្ទីរពេទ្យ និងផ្តាំផ្ញើរដល់ក្រុមគ្រួសារពួកគាត់ អោយខិតខំរួមគ្នាដើម្បីបញ្ចប់នូវព្រឹត្តិការណ៍ដ៏គ្រោះថ្នាក់នេះ ដោយរួមដៃគ្នាទាំងរដ្ឋបាលគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋ ជាពិសេស ការគាំទ្រ និងការចូលរួមរបស់ប្រជាពលរដ្ឋយើង ដោយការទទួលខុសត្រូវខ្ពស់ចំពោះ សុខសុវត្ថិភាពគ្រួសារ និងសហគមន៍ ក្នុងការបង្ការការឆ្លងជំងឺកូវីដ-១៩ នេះ តាមរយះការអនុវត្តន៍អោយបានខ្ជាប់ខ្ជួនលើវិធានការចាំបាច់មួយចំនួន ដូចជាការធ្វើអនាម័យជាប្រចាំ លាងដៃជាមួយនឹងសាប៊ូ ឬទឹកអាល់កុល ឬជែលសម្លាប់មេរោគ អោយបានញឹកញាប់ ពាក់ម៉ាស វាស់កម្ដៅ រក្សាគម្លាតសុវត្ថិភាពនៅកន្លែងដែលមានមនុស្សច្រើន «៣ការពារ និង ៣កុំ»។
សារជាថ្មីម្តងទៀត ឯកឧត្តមក៏សូមថ្លែងអំណរគុណ ដល់លោកគ្រូ អ្នកគ្រូពេទ្យ (ទាហ៊ាន ឈុត ស) និងអាជ្ញាធរមូលដ្ឋានទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងខេត្តព្រៃវែង និងសូមជៀសផុតពីជំងឺកូវីដ-១៩នេះ ទាំងអស់គ្នា។