ឯកឧត្តម ម៉ុម សារឿន បាននាំយកគ្រឿងឧបភោគ បរិភោគ ជូនដល់ក្រុមការងារប្រចាំការត្រួតពិនិត្យនៅព្រំប្រទល់ខេត្តស្ទឹងត្រែង-ខេត្តព្រះវិហារ និងព្រំប្រទល់ខេត្តស្ទឹងត្រែង-ខេត្តក្រចេះ


នៅរសៀល ថ្ងៃព្រហស្បតិ៍ ១កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ដោយមានការគិតគូរយកចិត្តទុកដាក់ និងការលើកទឹកចិត្តដល់មន្រ្តីក្រោមឱវាទ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ និងសម្ភារបម្រើឳ្យការងារទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ របស់រដ្ឋបាលខេត្ត ជូនដល់ក្រុមការងារប្រចាំការត្រួតពិនិត្យកន្លែងធ្វើតេស្តរហ័សមើលជំងឺកូវីដ-១៩ នៅព្រំប្រទល់ខេត្តស្ទឹងត្រែង-ខេត្តព្រះវិហារ (ចំណុចស្រឡៅ) ស្រុកថាឡាបរិវ៉ាត់ និងព្រំប្រទល់ខេត្តស្ទឹងត្រែង-ខេត្តក្រចេះ (ចំណុចអូរច្រឡង់) ស្រុកសៀមបូក។

មានការចូលរួមពី អភិបាលរងខេត្ត គណៈអភិបាលស្រុក កម្លាំងប្រដាប់អាវុធ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាពជំនាញមួយចំនួន និងមន្រ្តីពាក់ព័ន្ធ។

ឯកឧត្តម ម៉ុម សារឿន ក៏បានថ្លែងអំណរគុណដល់ ក្រុមគ្រូពេទ្យ និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំ យកចិត្តទុកបំពេញការងារតាមជំនាញរបស់ខ្លួនបានល្អប្រសើរ និងស្នើឲ្យបន្តការយកចិត្តទុកដាក់បន្ថែមទៀត។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកនូវគ្រឿងឧបភោគ បរិភោគ និងសម្ភារបម្រើឳ្យការងារទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ផ្តល់ជូនក្រុមការងារចំនួនពីរគោលដៅខាងលើ ក្នុងមួយគោលដៅផ្តល់ជូនរួមមាន៖ ត្រីខកំប៉ុងចំនួន៤កេស, (ស្មើនឹង៤០០កំប៉ុង), មីចំនួន២០កេស, ម៉ាស់ពេទ្យ ចំនួន ១កេស (ស្មើនឹង១.០០០ម៉ាស់), អាល់កុល ចំនួន២កាន (ស្មើនឹង៦០លីត្រ), ទឹកខ្ពុលមាត់ ចំនួន៥កេស(ស្មើនឹង១០០ដប), និងទឹកបរិសុទ្ធវីតាល់ ចំនួន១៤កេស៕