កម្ពុជាចូលរួមកិច្ចពិភាក្សាតុមូលនៃព្រឹត្តិការណ៍ម៉ារ៉ាតុងវប្បធម៌ដែលរៀបចំឡើងដោយរុស្ស៊ី


នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១១:០០នាទីព្រឹក លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍អង្គការ ICAPP ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍នៃគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី ២ នៃរដ្ឋសភា ព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណប្រតិភូចូលរួមកិច្ចពិភាក្សាតុមូលនាព្រឹត្តិការណ៍ម៉ារ៉ាតុងវប្បធម៌ តាមប្រព័ន្ធវីដេអូ ដោយផ្តោតសំខាន់លើប្រធានបទ“តួនាទីនៃកំលាំងនយោបាយប្រកបដោយការទទួលខុសត្រូវក្នុងការកសាងទំនាក់ទំនងអន្តរវប្បធម៌ដ៏មានប្រសិទ្ធភាព”។

ការចូលរួមនាពេលនេះធ្វើឡើងតបតាមការអញ្ជើញរបស់  ឯកឧត្តម អង់ដ្រេ ឃ្លីម៉ូវ អគ្គលេខាធិការរងទទួលបន្ទុកកិច្ចការបរទេសនៃក្រុមប្រឹក្សាទូទៅគណបក្សរួបរួមរុស្សី ។ ក្នុងកិច្ចពិភាក្សានេះផងដែរក៏មានការអញ្ជើញចូលរួមពីតំណាងគណបក្សនយោបាយ និងស្ថាប័នសំខាន់ៗចំរុះមានដូចជា ឯកឧត្តម ចូ ប្យុងចេ (Cho Byung-jae) អគ្គលេខាធិការអង្គការ ICAPP លោកជំទាវ ស៊ូចាតា ខរ៉ាឡ៉ា (Sujata Koirala) សមាជិកសភានេប៉ាល់ តំណាងគណបក្ស Golkar ឥណ្ឌូនេស៊ី និងតំណាងមជ្ឈមណ្ឌលមូលនិធិឥណ្ឌាសម្រាប់អំណាចទន់ ។

ក្នុងសុន្ទរកថាថ្លែងទៅកាន់ថ្នាក់ដឹកនាំ វាគ្មិន អ្នកចូលរួម និងអ្នកទស្សនាតាមប្រព័ន្ធវីដេអូមកពីគ្រប់ទី្វបប្រមាណ ២,៥ ម៉ឺននាក់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានលើកឡើងថា ព្រឹត្តិការណ៍ម៉ារ៉ាតុងវប្បធម៌នេះ គឺជាព្រឹត្តិការណ៍សំខាន់មួយក៏ចំណោមព្រឹត្តិការណ៍សំខាន់ៗផ្សេងទៀត ដើម្បីលើកកម្ពស់កិច្ចសន្ទនាខាងផ្នែកវប្បធម៌ និង ទទួលយកពិពិធភាពនៃវប្បធម៌រវាងគ្នា។ លោកជំទាវ បានគូសបញ្ជាក់បន្ថែមថា កិច្ចពិភាក្សានាថ្ងៃនេះបានបន្ថែមនូវកំរិតដ៏មានអត្ថន័យមួយទៀតទៅក្នុងភាពជាដៃគូសន្ទនាអាស៊ាន – រុស្ស៊ី។

ជាងនេះទៅទៀត លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានសង្កត់ធ្ងន់ទៅលើមុខងារ ៤ នៃវប្បធម៌ដែលយើងជាសមាជិកសភា ក៏ដូចជាតំណាងគណបក្សនយោបាយគួរតែចាប់យក៖ ទីមួយ វប្បធម៌ គឺជាប្រភពនៃសន្តិភាព វិបុលភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ទីពីរ យើងទាំងអស់គ្នាទទួលស្គាល់ថា វប្បធម៌ គឺជាប្រភពសំខាន់នៃការអភិវឌ្ឍន៍ ព្រោះវាជាកត្តាជំរុញនៃវឌ្ឍនភាពសង្គម និងសេដ្ឋកិច្ច ដូចដែលបានលើកឡើងដោយអង្គការយូណេស្កូដែលសង្កត់ធ្ងន់ថា “ គ្មានការអភិវឌ្ឍណាអាចស្ថិតស្ថេរបានទេ បើមិនរាប់បញ្ចូលវប្បធម៌”។ យើងត្រូវតែដាក់វប្បធម៌នៅក្នុងបេះដូងនៃគោលនយោបាយអភិវឌ្ឍន៍។ ចំណុចទីបី គឺនវានុវត្តន៍។ ប្រជាជន គឺជាចំណុចស្នូលនៃនវានុវត្តន៍។ គំនិត គុណតម្លៃ និងអត្តសញ្ញាណ គឺជាចំណុចស្នូលនៃនវានុវត្តន៍ដោយផ្តោតលើមនុស្សជាស្នូល។ រីឯចំណុចទី ៤ គឺវប្បធម៌ជាប្រភពនៃភាពធន់មាំ។ នៅចំពោះមុខវិបត្តិ និងទុក្ខវេទនាជាច្រើនដែលបណ្តាលមកពីការរីករាលដាលនៃជំងឺរាតត្បាតពិភពលោកដែលមិនធ្លាប់មានពីមុនមក វប្បធម៌រឹតតែមានភាពសំខាន់ខ្លាំងឡើង។ វប្បធម៌ជួយយើងឱ្យមានភាពធន់មាំ ជាពិសេសតាមរយៈការអភិវឌ្ឍនៃអត្ថន័យ គុណតម្លៃ និងជំនឿ។

បន្ថែមពីលើនេះទៀត លោកជំទាវ បានលើកឡើងពីបញ្ហាតានតឹងដោយសារលទ្ធិគាំពារនិយម នយោបាយប្រជាភិថុត និងភាពជ្រុលនិយម ទៅលើសកលភាវូបនីយកម្ម និងពហុភាគីនិយម។ ជាមួយនឹងការលើកឡើងនេះ លោកជំទាវបានអំពាវនាវអោយកំលាំងនយោបាយទាំងអស់ចាំបាច់ត្រូវរក្សា និងជំរុញនូវនិរន្តរភាពពហុភាគីនិយមលើគ្រប់វិស័យរាប់ចាប់តាំងពីសេដ្ឋកិច្ច សន្តិសុខ បរិស្ថាន រហូតដល់វប្បធម៌ ដែលជាក់ស្តែងពិតជាកម្លាំងមួយនៃការបង្រួបបង្រួមពិភពលោក។

ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម សួស យ៉ារ៉ា ក៏ត្រូវបានអញ្ជើញចូលរួមផងដែរ ដោយឯកឧត្តមបានបញ្ជាក់ពីសារៈសំខាន់នៃការបង្កើត “របៀងវប្បធម៌” ទាំងក្នុង និងក្រៅតំបន់ ដើម្បីលើកកម្ពស់សន្តិភាព ភាពសុខដុម វិបុលភាពរួម និងវាសនារួមគ្នា ដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក អធ្យាស្រ័យគ្នាទៅវិញទៅមក ការទុកចិត្តគ្នាទៅវិញទៅមក និងផលប្រយោជន៍ទៅវិញទៅមក។ ។

ឯកឧត្តម អង់ដ្រេ ឃ្លីម៉ូវ ក៏ដូចជាវាគ្មិនផ្សេងទៀត ដែលមកពីប្រទេសកូរ៉េ ឥណ្ឌូនេស៊ី និងឥណ្ឌា សុទ្ធតែបានចែករំលែកបទពិសោធន៍ និងគំនិតល្អៗ ដែលថា វប្បធម៌គឺជាកត្តាមួយមិនអាចខ្វះបានដែលជាគ្រឹះនៃសន្តិភាព និងវិបុលភាព។ វប្បធម៌គឺជាកម្លាំងបង្រួបបង្រួម និងផ្សារភ្ជាប់គ្នាជាពិសេសនៅក្នុងបរិបទអន្តរជាតិ និងគូប្រជែងភូមិសាស្ត្រនយោបាយ។