រដ្ឋមន្ដ្រីសុខាភិបាល ទទួលអំណោយម៉ាស៥.៥លាន ពីក្រុមហ៊ុនវើលដ៏ប្រ៊ីដ និងក្រុមហ៊ុនមីឆែលីន សម្រាប់ចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩


ក្រុមហ៊ុន វើលដ៏ប្រ៊ីដ ត្រេឌីន ឯ.ក និងក្រុមហ៊ុនមីឆែលីន បានផ្ដល់អំណោយជាម៉ាសចំនួន ៥.៥លានពីក្រុមហ៊ុន វើលដ៏ប្រ៊ីដ ត្រេឌីន ឯ.ក និងក្រុមហ៊ុនមីឆែលីន ជូនរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល សម្រាប់ចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ពិសេសក្នុងព្រឹត្ដិការណ៍សហគមន៍២០កុម្ភៈ។

ពិធីប្រគល់ និងទទួលអំណោយជាម៉ាសចំនួន ៥.៥លានពីក្រុមហ៊ុន វើលដ៏ប្រ៊ីដ ត្រេឌីន ឯ.ក និងក្រុមហ៊ុនមីឆែលីននេះ ក្រោមអធិបតីភាពរបស់ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ រួមជាមួយលោកស្រី NGUYEN BINH Eva ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា និងអ្នកឧញ៉ា សៀ រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៏ប្រ៊ីដ ត្រេឌីន ឯ.ក និងក្រុមហ៊ុនមីឆែលីន។

ក្នុងឱកាសនោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ចំណងមិត្ដភាពជាប្រពៃណីកម្ពុជា-បារំាង ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ហើយប្រទេសបារាំង បានផ្ដល់ជំនួយឥតសំណងជាច្រើន នៅក្នុងការចូលរួមចំណែកធ្វើឱ្យប្រសើរឡើង វិស័យសុខាភិបាលកម្ពុជា ជាពិសេសការអភិវឌ្ឍធនធានមនុស្ស។

រដ្ឋមន្ដ្រីសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងជូនចំពោះលោកស្រី NGUYEN BINH Eva ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា ក៏ដូចជារដ្ឋាភិបាល និងប្រជាជនបារាំង និងអ្នកឧកញ៉ា សៀ រិទ្ធី ព្រមទាំងសហការីទាំងអស់ផងដែរ៕