សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អញ្ជើញជួបសំណេះសំណាលនិងពិសារអាហារ ជាមួយប្រជាពលរដ្ឋ


ព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៧ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រ កម្ពុជា បានជួបសំណេះសំណាល និង ពិសារអាហារជាមួយថ្នាក់ដឹកនាំភូមិឃុំ និងប្រជាជន មកពី២៨ភូមិ នៃឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
តាមរបាយការណ៍របស់បងប្អូនបានឲ្យដឹងថា ឃុំសំរោងលើ កន្លងមក បានអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្តិភាព និងអភិវឌ្ឍភូមិ’ឃុំបានល្អ ជាអាទិ៍ មានស្ថេរភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈល្អ ហើយជីវភាពរបស់ប្រជាជន ក៏មានការរីកចម្រើនស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ ។ ប្រជាជនក្នុងឃុំទាំងមូលបានរស់នៅដោយសុខដុមរម្យនាជាមួយគ្នា ទោះបីជាមាននិន្នាការនយោបាយផ្សេងគ្នាខ្លះក៏ដោយ។ ចំពោះការបោះឆ្នោតនាពេលខាងមុខបងប្អូនសុទ្ធតែបានអះអាងថា បានទៅចុះឈ្មោះបោះឆ្នោត និងបានទៅពិនិត្យបញ្ជីបោះឆ្នោតរួចហើយ និងបានត្រៀមលក្ខណៈដើម្បីទៅចូលរួមបោះឆ្នោត នាថ្ងៃខាងមុខ…។
ជាការឆ្លើយតប សម្ដេច បានលើកសរសើរចំពោះការខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយអភិវឌ្ឍភូមិ-ឃុំរបស់បងប្អូន ដែលទទួលបាននូវលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ ។ សម្ដេចបានសំណូមពរ ឲ្យបងប្អូនខិតខំឲ្យបានច្រើនថែមទៀត ដើម្បីបន្តកសាងអភិវឌ្ឍ ភូមិ-ឃុំយើង ឲ្យមានការរីកចម្រើនឆាប់រហ័ស ។ សម្ដេចក៏បានអំពាវនាវឲ្យបងប្អូនរៀបចំការងាររបស់ខ្លួនឲ្យបានល្អ និងទុកពេល១ថ្ងៃ គឺនៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបងប្អូនពេញចិត្ត ឲ្យបន្តដឹកនាំឃុំយើង រយៈពេល ៥ ឆ្នាំតទៅមុខទៀត ៕