សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយសហប្រធានរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក


នៅសណ្ឋាគារសុខាភ្នំពេញ កាលពីរសៀលថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០១៧ ម្សិលមិញនេះ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបពិភាក្សា ការងារជាមួយសហប្រធានរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក ដែលក្នុងនោះរួមមានក្រុមហ៊ុនអាស៊ីតា (Axiata Group) អង្គការឃែរអន្តរជាតិ (CARE International) ក្រុមហ៊ុនជីអ៊ី (GE) ក្រុមហ៊ុនក្រាដ និងក្រុមហ៊ុនភីធីធី (PTT)។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសហប្រធានទាំងអស់ ដែលបានជួយរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងភ្នំពេញ ដែលទទួលបាននូវលទ្ធផល ជាផ្លែផ្កា ទាំងក្នុងថ្ងៃនេះនិងថ្ងៃស្អែក។ សម្តេចតេជោ បានបញ្ជាក់ផងដែរថា ប្រធានបទទាក់ទងទៅនឹងវេទិកា សេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ឆ្នាំ២០១៧នេះ គឺបានផ្តោតការយកចិត្តទុកដាក់ទៅលើយុវជន បច្ចេក វិទ្យា និងកំណើនលូតលាស់។ ពាក់ព័ន្ធនិងបច្ចេកវិទ្យា សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ សង្កត់លើតម្រូវការបច្ចេកវិទ្យាដែលមានសារសំខាន់ខ្លាំងណាស់ ជាពិសេសគឺក្នុងយុគសម័យនេះ។ ពោលគឺបច្ចេកវិទ្យាអាចជួយទប់ស្កាត់អំពីអំពើពុករលួយផង និងសម្រាប់ យកមកប្រើប្រាស់ក្នុងការគ្រប់ គ្រងអភិបាលកិច្ចល្អផង។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្វាគមន៍និងអរ គុណដល់បណ្តាសហ ប្រធានទាំងអស់ដែលបានខិតខំរិះរកគ្រប់មធ្យោបាយដើម្បីឲ្យវេទិកានេះ បានប្រព្រឹត្តទៅរលូនប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់បំផុត។
នៅក្នុងឱកាសនោះដែរ បណ្តាសហប្រធាន បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលរៀបចំវេទិកាសេដ្ឋ កិច្ចពិភពលោកស្តីពីអាស៊ាន ឆ្នាំ២០១៧នេះ ប្រកបដោយភាពល្អឥតខ្ចោះ និងបានកត់សំគាល់អំពីភាព ជោគជ័យទាំងអស់នោះ ដែលបានផ្តើមចេញពីការតាំងចិត្តដ៏មោះមុតរបស់ សម្តេចតេជោ ក៏ដូចជារាជ រដ្ឋាភិបាល និងប្រជាជនកម្ពុជាផ្ទាល់តែម្តង៕