សម្តេចពិជ័យសេនា ទៀ បាញ់៖ ក្រោមការដឹកនាំរបស់សម្តេចតេជា នាវាកម្ពុជានៅតែបន្តដំណើរទៅមុខប្រកបដោយមោទនភាពខ្ពស់ បើទោះកំពុងប្រឈមជាមួយជំងឺកូវីដ១៩ ក៏ដោយ


(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាវាកម្ពុជានៅតែអាចបន្តដំណើរទៅមុខប្រកបដោយមោទនភាពខ្ពស់ បើទោះជាបាននឹងកំពុងប្រឈមជាមួយជំងឺកូវីដ១៩ ក៏ដោយ។

ការលើកឡើងបែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងស្របពេលដែលកម្ពុជា បាននិងកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលមានរយៈពេលជាង២ឆ្នាំមកហើយ ក្រោមការដឹកនាំដ៏មុតស្រួចរបស់សម្តេចតេជោ ហ៊ុន សែន។

ចាប់តាំងពីខែកក្កដា ឆ្នាំ២០២០មក រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តវិធានការកម្មវិធីឧបត្តម្ភសាច់ប្រាក់ ដើម្បីសម្រាលផលប៉ះពាល់ផ្នែកសង្គមសេដ្ឋកិច្ច ដែលបង្កឡើងដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ១៩។ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ដអនុវត្ដកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងវិបត្ដិជំងឺកូវីដ១៩ រយៈពេល៣ខែទៀត ចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១។

គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាអស់៣៥០លានដុល្លារ ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលកូវីដ១៩ ប្រមាណជាង៦០ម៉ឺនគ្រួសារ។

តាមរយៈទំព័រ Facebook ផ្លូវការនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចរដ្ឋមន្ត្រីការពារជាកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា៖ «ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាវាកម្ពុជានៅតែអាចបន្តដំណើរទៅមុខប្រកបដោយមោទនភាពខ្ពស់ បើទោះជាយើងបាននិងកំពុងប្រឈមជាមួយជំងឺកូវីដ១៩»។

បន្ថែមពីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា «កម្ពុជានៅតែអាចរក្សាបានយ៉ាងល្អនូវ ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ សម្រាប់ជំរុញរាល់ការអភិវឌ្ឍនានា»