លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមបុណ្យសព ឯកឧត្តម ហុង ថែម


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមបុណ្យសព ឯកឧត្តម ហុង ថែម ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍​ ៦កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។
សូមរំលឹកផងដែរថា ឯកឧត្តម ហុង ថែម ទីប្រឹក្សាក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ឋានៈស្មើរដ្ឋលេខាធិការ ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១១ៈ០០ ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយជរាពាធ ។

នៅក្នុងឱកាសដ៏សោកសង្រេងនេះផងដែរ លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានចូលរួមរំលែកមរណៈទុក្ខជាមួយ លោកវេជ្ជបណ្ឌិត ហុង រដ្ឋាវុធ ព្រមទាំងក្រុមគ្រួសារ និងបានសម្តែងនូវការសោកស្តាយជាពន់ពេកចំពោះ មរណភាពរបស់ ឯកឧត្តម ហុង ថែម គឺជាបាត់បង់នូវឱពុក និងជីតា ប្រកបដោយព្រហ្មវិហារធម៌មិនចេះរីងស្ងួត ដែលបានឃុំគ្រងថែរក្សា ក្រុមគ្រួសារ ប្រកបដោយភាពកក់ក្តៅ រួមជាមួយដំបូន្មានល្អៗដល់កូនចៅ ហើយក៏ដូចជាបាត់បង់នូវ ថ្នាក់ដឹកនាំប្រកបដោយ ចំណេះដឹង បទពិសោធន៍ ដែលក្នុងមួយជីវិតរបស់ឯកឧត្តម បានរួមចំណែកក្នុងការកសាងស្ថាប័ន បម្រើជាតិ មាតុភូមិ រហូតសម្រេចបាននូវស្នាដៃជាច្រើនក្នុងក្របខណ្ឌការងារជំនាញជាបន្តបន្ទាប់ ។
ជាចុងក្រោយ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានឧទ្ទិស បួងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តម ហុង ថែម សូមឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ជាតិកុំបីឃ្លៀងឃ្លាតឡើយ ៕