ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន និងលោកជំទាវ បានអញ្ជើញចុះចែកអំណោយកញ្ចប់អាហារក្នុងខេត្តព្រះសីហនុ ចំនួន ១៥៣គ្រួសារ មកពីស្រុកព្រៃនប់ និងក្រុងព្រះសីហនុ


នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន សមាជិករដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជកម្ពុជា និងជាប្រធានសមាគមនិស្សិតនិស្សិតកម្ពុជា និងលោកជំទាវ ដោយមានការចូលរួមពី ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ
ឯកឧត្តម វេជ្ជ. ពាស់ មូស្លីម អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល ឯកឧត្តម សុះ ហ្វាសុី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងលោក សេកតារាវុធ អភិបាលរង តំណាងលោក អភិបាលស្រុកព្រៃនប់ អភិបាលក្រុងព្រះសីហនុ ព្រមទាំង អាជ្ញាធរមូលដ្ឋានជាច្រើនរូប បានអញ្ជើញចុះចែកអំណោយកញ្ចប់អាហារក្នុងខេត្តព្រះសីហនុ ចំនួន ១៥៣គ្រួសារ មកពីស្រុកព្រៃនប់ និងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ជីវភាព ដោយសារជំងឺកូវីដ១៩

ឯកឧត្តមបានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំសស្រាក់សស្រាំ ប្រកបដោយស្មារតីបុរេសកម្មក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមរយៈការដាក់ចេញទាំងវិធានការរដ្ឋបាល និងវិធានការសុខាភិបាលជាច្រើន ដើម្បីកាត់ផ្តាច់នូវខ្សែច្រវ៉ាក់ចម្លង និងកាត់បន្ថយការឆ្លងទាន់ពេល សំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន។ រាជរដ្ឋាភិបាលបានកំណត់យកការចាក់វ៉ាក់សាំងជាវិធានការយុទ្ធសាស្ត្រគន្លឹះ ដើម្បីកាត់បន្ថយករណីឆ្លង និងឈឺធ្ងន់ ពិសេសបង្កើនភាពស៊ាំសហគមន៍ ជាកត្តាជំរុញការធានាបាននូវការវិលត្រឡប់ឱ្យបានឆាប់រហ័សទៅរក “ការរស់នៅតាមបែបគន្លងថ្មី ឬប្រក្រតីភាពថ្មី”នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងកិច្ចដំណើរការនៃសង្គម-សេដ្ឋកិច្ច។

ឯកឧត្តមបន្តថា អំណោយទាំងនេះសម្រាប់ជួយដោះស្រាយជីវភាពប្រចាំថ្ងៃបានមួយរយៈពេល ពិសេសសម្រាប់អ្នកខ្វះខាត និងប៉ះពាល់មុខរបរផ្សេងៗ សំដៅចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយការលំបាកក្នុងគ្រាមានអាសន្ន ។

សូមបញ្ជាក់ថាអំណោយដែលបានផ្តល់ជូន រួមមាន អង្ករ ២២៩៥គីឡូក្រាម មីចំនួន ៥១កេស អំបិល ១៥៣គីឡូក្រាម ប្រេងឆា ១៥៣ដប ត្រីខ ចំនួន ៤៥៩កំប៉ុង ទឹកត្រី ចំនួន ៦១២ដប ។