អភិបាលខេត្តពោធិ៍សាត់ គោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជនពលី មុំ តុលា ដែលរងការវាយប្រហារ ដោយក្រុមឧទ្ទាម ក្នុងបេសកកម្ម នៅប្រទេសអាហ្រ្វិកកណ្តាល


(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះ បានដឹកនាំស្ថាប័ន មន្ទីរ អង្គភាព សមាគម និងក្រុមការងារ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខ ចំពោះការពលីរបស់ព្រិន្ទបាលទោ មុំ តុលា ក្នុងចំណោមកងកម្លាំងមួកខៀវកម្ពុជា ៤រូប ដែលរងការវាយប្រហារ ដោយក្រុមឧទ្ទាម នៅប្រទេសអាហ្រ្វិកកណ្តាល កាលពីវេលាម៉ោងប្រមាណ១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧កន្លងទៅ។

ក្នុងពិធីគោរពវិញ្ញាណក្ខន្ធសពព្រឹកនេះ បន្ទាប់ពីសពបានដឹកមកដល់គេហដ្ឋានភូមិវាល ឃុំវាល ស្រុកកណ្តៀង កាលពីវេលាម៉ោង១២ និង៤៦នាទីទាបភ្លឺ ឈានចូលថ្ងៃទី២២នេះ ឯកឧត្តម ម៉ៅ ធនិន និងអ្នករួមដំណើរទាំងអស់ បានសម្តែងនូវការសោកស្តាយក្រៃលែង និងសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារនៃសពព្រិន្ទបាលទោ មុំ តុលា និងកងខេមរភូមិន្ទទាំងអស់ ដែលពលីជីវិត ប្រកបដោយកិត្តិយសថ្លៃថ្នូរបំផុត ក្នុងបេសកកម្មមនុស្សធម៌ ការពារសន្តិភាពអន្តរជាតិ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ UN។

នាឱកាសនោះ ក៏មានពិធីបំពាក់ឋានន្តរសក្តិថ្នាក់អនុសេនីយ៍ទោ ជូនសពវីរៈយុទ្ធជន មុំ តុលា ជាកិច្ចបច្ឆាមរណផងដែរ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណ១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ម៉ោងនៅក្នុងប្រទេសកម្ពុជា កងកម្លាំងមួកខៀវរបស់កម្ពុជាបម្រើការងារនៅប្រទេសអាហ្រ្វិកកណ្តាល បានរងការវាយប្រហារដោយក្រុមឧទ្ទាម បណ្តាលឲ្យកម្លាំងកម្ពុជា ៤នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។

កងទ័ពមួកខៀវកម្ពុជា ដែលបានពលីជីវិតនោះរួមមាន៖
១-អនុសេនីយ៍ទោ អ៊ឹម សំ អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃជ្រូក ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។
២-អនុសេនីយ៍ឯក ម៉ៅ អេង អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
៣-ព្រិន្ទបាលទោ ស៊ាង នរិន្ទ អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅជុំក្រៀល ឃុំជុំក្រៀល ស្រុកកំពត ខេត្តកំពត។
៤-ព្រិន្ទបាលទោ មុំ តុលា មានស្រុកកំណើតនៅភូមិវាល ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់៕

Ti Amo (ពស)