ឯកឧត្តម ថោង ខុន ៖ វេទិកាទេសចរណ៍អាស៊ានដែលធ្វើនៅខេត្តព្រះសីហនុ ត្រូវតែអនុវត្តតាមគន្លងប្រក្រតីភាពថ្មី


ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ នៅខេត្តព្រះសីហនុ នាដើមឆ្នាំ២០២២ ខាងមុខនេះ ត្រូវតែអនុវត្តនូវវិធានសុវត្ថិភាព វិធានសុខាភិបាលឱ្យបានហ្មត់ចត់ ស្របតាមគន្លងប្រក្រតីភាពថ្មី។

ថ្លែងក្នុងឱកាសដឹកនាំក្រុមការងារអន្តរក្រសួង ចុះត្រួតពិនិត្យទីតាំងត្រៀមរៀបចំវេទិកាទេសចរណ៍អាស៊ាន២០២២ នៅខេត្តព្រះសីហនុ ឯកឧត្តម រដ្ឋមន្ត្រី បញ្ជាក់ថា វេទិកានេះមិនអាចធ្វើធំដូចមុនៗបានទេ ដោយសារបញ្ហាកូវីដ១៩ ដោយយើងនឹងពិចារណាកាត់បន្ថយទំហំ ទាំងការប្រជុំនានា ពិព័រណ៍ អ្នក សារព័ត៌មានផងដែរ។ ឯកឧត្តម បន្តថា ការរៀបចំវេទិកាទេសចរណ៍អាស៊ាននេះ ទាំងអ្នកចូលរួម ទាំងម្ចាស់ផ្ទះ ត្រូវតែធានាបាន នូវសុវត្ថិភាពសុខាភិបាល ដោយត្រូវចេះអនុវត្តតាមគន្លងប្រក្រតីភាពថ្មី ហើយការស្នាក់នៅ ហូបចុក និងគ្រប់សកម្មភាព នៃព្រិត្តិការណ៍ ត្រូវរៀបចំយ៉ាងសាមញ្ញ ក្រៅអគារ ក្នុងបរិវេណតែមួយ ដែលមានពហុសេវាគ្រប់គ្រាន់ ងាយស្រួលក្នុងការគ្រប់គ្រង និងត្រួតពិនិត្យវិធានសុខាភិបាលដោយហ្មត់ចត់។

សូមបញ្ជាក់ថា ក្រសួងទេសចរណ៍ បានសម្រេចជ្រើសយកបរិវេណសណ្ឋាគារសុខា ដើម្បីត្រៀមលក្ខណៈរៀបចំព្រឹត្តិការណ៍ទេសចរណ៍អាស៊ាន សំដៅឆ្ពោះទៅរកការស្តារវិស័យទេសចរណ៍ និងការបើកឡើងវិញនូវវិស័យនេះ ក្នុងតំបន់ប្រកបដោយភាពធន់ និរន្តរភាព និងភាពទទួលខុសត្រូវនាពេលអនាគត។

តាមការបញ្ជាក់ឱ្យដឹងរបស់ឯកឧត្តម ថោង ខុន វេទិកាទេសចរណ៍អាស៊ាននេះ នឹងមានព្រឹត្តិការណ៍សំខាន់ៗ ដូចជា៖ កិច្ចប្រជុំរបស់ស្ថាប័នទេសចរណ៍ថ្នាក់ជាតិ, កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន, កិច្ចប្រជុំអាស៊ានបូកបី (ជប៉ុន កូរ៉េខាងត្បូង និងចិន), កិច្ចប្រជុំអាស៊ានបូកមួយ (អាស៊ាន-ឥណ្ឌា), និងអាចមានកិច្ចប្រជុំជាមួយអង្គការដៃគូរពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំផ្នែកឯកជន និងសិក្ខាសាលានានាជាច្រើន និងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិផងដែរ៕