សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្តផ្តល់សម្ភារប្រើប្រាស់សម្រាប់ការងាររដ្ឋបាលដល់រដ្ឋបាលក្រុង-ស្រុក នៃខេត្តបាត់ដំបង


(បាត់ដំបង)៖ ដោយមើលឃើញពីភាពចាំបាច់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបន្តផ្តល់សម្ភារប្រើប្រាស់មួយចំនួនដល់រដ្ឋបាលក្រុង-ស្រុកនានា នៃខេត្តបាត់ដំបង ដើម្បីយកទៅប្រើប្រាស់ក្នុងការងាររដ្ឋបាល និងការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរជាងមុន។

ពិធីប្រគល់ ទទួលសម្ភារៈទាំងនោះធ្វើឡើងនាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ក្រោមវត្តមានឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស និងជានាយករងខុទ្ទកាល័យសម្ដេចតេជោ ក្នុងនាមតំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង។

អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ខាងលើនោះ រួមមាន៖ កុំព្យូទ័រយួរដៃចំនួន ៧៨គ្រឿង ម៉ាស៊ីនព្រីនថឺរចំនួន ៧៨គ្រឿង វិទ្យុទាក់ទងចំនួន ១៩៥គ្រឿង និងម៉ាស៊ីនភ្លើងចំនួន ១៣គ្រឿង ត្រូវបានប្រគល់ជូនដល់រដ្ឋបាលស្រុកទាំង ១៣ នៃខេត្តបាត់ដំបង លើកលែងតែស្រុករុក្ខគិរី ដែលបានប្រគល់រួចហើយកាលពីថ្ងៃទី២១ ខែសីហា ដោយស្រុក-ក្រុងនីមួយៗទទួលបានកុំព្យូទ័រយួរដៃចំនួន ៦គ្រឿង ម៉ាស៊ីនព្រីនថឺរចំនួន ៦គ្រឿង វិទ្យុទាក់ទងចំនួន ១៥គ្រឿង និងម៉ាស៊ីនភ្លើងចំនួន ១គ្រឿង ព្រមទាំងថវិកាចំនួន ១លានរៀលផងដែរ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានផ្តាំផ្ញើក្រើនរំលឹកដល់រដ្ឋបាលស្រុកក្រុងទាំងអស់ ត្រូវរួមគ្នាខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋានឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានកាន់តែល្អប្រសើរ។

ឯកឧត្តម ងួន រតនៈ បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់គិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងគ្រាដ៏លំបាកគ្រប់កាលៈទេសៈ។

ឯកឧត្តមមានប្រសាសន៍ថា សម្ដេចក៏នៅតែផ្តល់ជាសម្ភារប្រើប្រាស់សម្រាប់រដ្ឋបាលស្រុក-ក្រុងទាំង ១៤ នៃខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ដល់ការបម្រើសេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានសហគមន៍ឱ្យបានទាន់ពេលវេលា ស្របតាមតម្រូវការជាក់ស្តែងដែលប្រជាពលរដ្ឋចង់បាន៕