ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន បានអញ្ជើញចុះអប់រំផ្សព្វផ្សាយ និងផ្តល់អំណោយ ដល់អ្នករងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង


ព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន សមាជិករដ្ឋសភា អនុប្រធានសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចុះអប់រំ ផ្សព្វផ្សាយ និងផ្តល់អំណោយចំនួន ១០០កញ្ចប់ ដល់អ្នករងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ពិធីនេះក៏មានការចូលរួម ពី លោកជំទាវ កុប ម៉ារីយ៉ាស់ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំង ឯកឧត្តម ឡុង ឈុន ឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំ ឯកឧត្តមវេជ្ជ.សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេជ្ជ.ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម សុះ ហ្វាសុី អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា លោកជំទាវ យូសុះ អាលីយ៉ា អនុរដ្ឋលេខាធិការក្រសួងមុខងាសាធារណៈ គណៈអុីម៉ាំខេត្ត លោកអភុបាលរងខេត្ត យុវជនសហាភាពសហព័ន្ធយុវជនកម្ពុជា ខេត្ត ស្រុក យុវជនសម្ព័ន្ធមុស្លីមកម្ពុជា និងអាជ្ញាធរមូលដ្ឋាន ។
ឯកឧត្តមបានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំសស្រាក់សស្រាំ ប្រកបដោយស្មារតីបុរេសកម្មក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមរយៈការដាក់ចេញទាំងវិធានការរដ្ឋបាល និងវិធានការសុខាភិបាលជាច្រើន ដើម្បីកាត់ផ្តាច់នូវខ្សែច្រវ៉ាក់ចម្លង និងកាត់បន្ថយការឆ្លងទាន់ពេល សំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន។ រាជរដ្ឋាភិបាលបានកំណត់យកការចាក់វ៉ាក់សាំងជាវិធានការយុទ្ធសាស្ត្រគន្លឹះ ដើម្បីកាត់បន្ថយករណីឆ្លង និងឈឺធ្ងន់ ពិសេសបង្កើនភាពស៊ាំសហគមន៍ ជាកត្តាជំរុញការធានាបាននូវការវិលត្រឡប់ឱ្យបានឆាប់រហ័សទៅរក “ការរស់នៅតាមបែបគន្លងថ្មី ឬប្រក្រតីភាពថ្មី”នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងកិច្ចដំណើរការនៃសង្គម-សេដ្ឋកិច្ច។

ឯកឧត្តមបន្តថា អំណោយទាំងនេះសម្រាប់ជួយដោះស្រាយជីវភាពប្រចាំថ្ងៃបានមួយរយៈពេល ពិសេសសម្រាប់អ្នកខ្វះខាត និងប៉ះពាល់មុខរបរផ្សេងៗ សំដៅចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយការលំបាកក្នុងគ្រាមានអាសន្ន ។

សូមបញ្ជាក់ថាអំណោយដែលបានផ្តល់ជូន រួមមាន អង្ករ ១៥០០គីឡូក្រាម
មីចំនួន ៣៤កេស អំបិល ១០០គីឡូក្រាម ប្រេងឆា ១០០ដប ត្រីខ ចំនួន ៣០០កំប៉ុង ទឹកត្រី ចំនួន ៤០០ដប ។