សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ផ្តល់ថវិកាជាង៦០ម៉ឺនដុល្លារបន្ថែមទៀត ជូនសមាគមអតីតយុទ្ធជនកម្ពុជា បន្តសាងសង់ផ្ទះជូនអតីតយុទ្ធជនកម្ពុជាក្រីក្រចំនួន ៦២៨គ្រួសារ នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់


ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានប្តេជ្ញាចិត្តជួយសម្រាលការលំបាក ដល់គ្រួសារអតីតយុទ្ធជនកម្ពុជាក្រីក្រនោះ នៅថ្ងៃសុក្រ ទី ២៧ ខែសីហា ឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស បានផ្តល់ថវិកាចំនួន ៦៩៨,០០០ដុល្លារ (ប្រាំមួយសែនប្រាំបួនម៉ឺនប្រាំបីពាន់ដុល្លារអាមេរិក) ជាជំហានទី៣ ដែលជាវគ្គបញ្ចប់ ជូនដល់សមាគមអតីតយុទ្ធជនកម្ពុជា សម្រាប់បន្តសាងសង់ផ្ទះជូនអតីតយុទ្ធជនកម្ពុជាក្រីក្រចំនួន ៦២៨គ្រួសារ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

កម្មវិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមវត្តមាន លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។

សូមបញ្ជាក់ជូនថា កាកបាទក្រហមកម្ពុជា បានផ្តល់ថវិកាចំនួន ៥០ម៉ឺនដុល្លារ ជាជំហានទី១ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ និងចំនួន ១លានដុល្លារ ជាជំហានទី២ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ ជូនដល់សមាគមអតីតយុទ្ធជនកម្ពុជា ហើយកាកបាទក្រហមកម្ពុជា ក៏បានប្រគល់ផ្ទះចំនួន ៥០ខ្នង ជាជំហានទី១ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ និងប្រគល់ផ្ទះចំនួន ២៥០ខ្នង ជាជំហានទី២ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១កន្លងទៅ។

សម្រាប់អតីតយុទ្ធជនដែលបានចូលមករស់នៅបណ្តើរៗ ក៏បានចាប់ផ្តើមកសាងជីវិតថ្មី នៅលើទឹកដីថ្មី ប្រកបដោយក្តីសង្ឃឹម និងមានសុភមង្គល ជាមួយនឹងការដាំដុះភោគផលបន្លែបង្ការជាច្រើនមុខ ការចិញ្ចឹមសត្វ និងការលក់ដូរជាដើម។ កូនៗរបស់ពួកគាត់ដែលជាអ្នកនៅខេត្តផ្សេងៗ បានមកលេងដល់ទីនេះ ក៏មានក្តីរំភើប សប្បាយរីករាយ ដោយមិននឹកស្មានថាឪពុកម្តាយរបស់គាត់ទទួលបានផ្ទះស្អាត មានដីល្អ និងទីតាំងគួរឱ្យចង់រស់នៅបែបនេះនោះទេ។

តាមវឌ្ឍនភាពនៃដំណើរការសាងសង់ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ កាកបាទក្រហមកម្ពុជា គ្រោងនឹងរៀបចំពិធីប្រគល់-ទទួលផ្ទះចំនួន ៣២៨ខ្នង ជាវគ្គបញ្ចប់ នៅដើមអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។

សូមជម្រាបជូនថា ផ្ទះនីមួយៗ មានទំហំ ៥ម៉ែត្រ គុណនឹង ៧ម៉ែត្រ, គ្រឿងបង្គុំធ្វើពីដែក, សសរចាក់ស៊ីម៉ង់តិ៍, ជញ្ជាំងស្មាតបត, ដំបូលស័ង្កសី និងតតាកខាងក្រោយផ្ទះធ្វើជាចង្ក្រានបាយ ដែលចំណាយថវិកាតម្លៃ ៣,៥០០ដុល្លារអាមេរិក។ ដោយឡែក បង្គន់អនាម័យដាច់ដោយឡែក មានតម្លៃ ២៧០ដុល្លារអាមេរិក៕