ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុម ការងារខេត្តក្រចេះ រួមជាមួយសហការី បានចុះទៅជួបសំណេះសំណាលលើកទឹកចិត្តដល់ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋប្រមាណជាង ២០០នាក់ ដែលរៀបចំឡើងដោយក្រុមការងារចំរុះ នៅក្នុងបរិវេណមណ្ឌលសុខភាពខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១៕
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីប្រធានក្រុមការងារខេត្តតក្រចេះ បានសំណូមពរដល់ប្រជាពលរដ្ឋ និងមន្ត្រីសាធារណៈគ្រប់លំដាប់ថ្នាក់ឱ្យបន្តចូលរួមកាន់តែខ្លាំងក្លាថែមទៀតក្នុងយុទ្ធនាការប្រយុទ្ធទប់ស្កាត់កូវីដ-១៩ ដើម្បីឆ្លើយតបការអំពាវនាវដ៏ទទួចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការបង្កលក្ខណៈ និងជំរុញលើកទឹកចិត្តប្រជាជនយើងអាយុចាប់ពី ១២ឆ្នាំឡើង រួសរាន់ទៅទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា។
បន្ទាប់មក នៅព្រឹកថ្ងៃដដែល នាសាលមហោស្រពខេត្តក្រចេះ លោករដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ ក៏បានចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តផែនការសកម្មភាពការងារឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខ ដែលមានការចូលរួមពីសំណាក់លោកស្រី អស់លោកជាអ្នកតំណាងរាស្ត្រ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត អនុប្រធាន សមាជិកក្រុមការងារខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ លោកស្រី អស់លោកប្រធានក្រុមប្រឹក្សា អភិបាលស្រុក ក្រុង មេឃុំ ចៅសង្កាត់ និងមន្ត្រីមូលដ្ឋាន សរុបចំនួនអ្នកចូលរួមមានប្រមាណ ៣២០នាក់។
ថ្លែងមតិបូកសរុបកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រីប្រធានក្រុមការងារខេត្តក្រចេះ បានគូសបញ្ជាក់ដោយសង្កត់ធ្ងន់សារជាថ្មីបន្ថែមទៀតថា៖ ឆ្ពោះទៅកាន់ការបោះឆ្នោតខាងមុខ នាឆ្នាំ២០២២ និងឆ្នាំ២០២៣ ភារកិច្ចនយោបាយសំខាន់បំផុតរបស់គណបក្ស និងមន្ត្រីយើងនៅគ្រប់លំដាប់ថ្នាក់ គឺត្រូវបន្តចូលរួមយ៉ាងសកម្មជំរុញយុទ្ធនាការជាតិប្រយុទ្ធទប់ស្កាត់កូវីដ-១៩ និងដោះស្រាយរាល់ផលប៉ះពាល់ពីវិបត្តិនៃជម្ងឺដ៏កាចសាហាវនេះ ដើម្បីរក្សាការពារសុខសន្តិភាព វឌ្ឍនភាព សុខុមាលភាព និងវិបុលភាពរបស់សង្គមជាតិ និងប្រជាជនយើង។
ទោះបីជាត្រូវប្រឈមនឹងឩបសគ្គការលំបាកយ៉ាងណាក្តី យើងទាំងអស់គ្នាមានជំនឿយ៉ាងរឹងមាំលើចលនាជាតិ ក្រោមមគ្គុទ្ទេសក៏ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា ថាយើងពិតជាប្រយុទ្ធឈ្នះកូវីដ-១៩ ដើម្បីអនាគតរុងរឿងរបស់មាតុភូមិ និងប្រជាជនយើងជាក់ជាមិនខាន៕