ឯកឧត្តម អម សុភា បាននាំយកអង្ករ គ្រឿងឧបភោគបរិភោគរបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងឧបត្ថម្ភដល់រដ្ឋបាលឃុំពន្លៃ សម្រាប់ចែកជូនប្រជាពលរដ្ឋជួបការលំបាក​ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩


នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង រួមដំណើរដោយ អាជ្ញាធរស្រុកបរិបូណ៌ បាននាំយក អង្ករគ្រឿងឧបភោគបរិភោគរបស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឧបត្ថម្ភដល់រដ្ឋបាលឃុំពន្លៃ សម្រាប់ចែកជូនប្រជាពលរដ្ឋជួបការលំបាកដែល រងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។

ឯកឧត្តម អម សុភា បានមានប្រសាសន៍ថា ដោយមើលឃើញប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ឯកឧត្តម អភិបាលខេត្ត បានឧបត្ថម្ភនូវអង្ករចំនួន ៧០០គីឡូក្រាម ,ត្រីខ២កេស, មីជាតិ២០កេស,ទឹកសុទ្ធ២០កេស,ម៉ាស់២០ប្រអប់និងអាល់កុល២កាន សម្រាប់យកទៅចែកជូនប្រជាពលរដ្ឋដែលជួបការលំបាកបំផុតនៅក្នុងមូលដ្ឋាន ទទួលខុសត្រូវរបស់ខ្លួន។ ឯកឧត្តម អម សុភា បានផ្តាំផ្ញើដល់អាជ្ញាធរ ឃុំពន្លៃ សូមយកអំណោយកទៅចែកដល់គ្រួសារប្រជាពលរដ្ឋ ឱ្យចំគោលដៅនៅតាមមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួនប្រកបដោយតម្លាភាព។

ឯកឧត្តម ក៏បានជម្រុញដល់អាជ្ញាធរឃុំត្រូវក្តាប់ឱ្យបាននូវចំនួនប្រជាពលរដ្ឋដែលចំណូលថ្មី ដើម្បីគ្រប់គ្រងអោយបានច្បាស់លាស់និងម៉ត់ចត់បំផុតជៀសវាងបង្កហានីភ័យនៃការចម្លងជំងឺកូវីដ-១៩។ អាជ្ញាធរត្រូវបន្តណែនាំដល់បងប្អូនប្រជាពលរដ្ឋបង្កើនការងារបង្កបង្កើនផល និងចិញ្ចឹមសត្វដើម្បីទ្រទ្រង់ជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើងថែមទៀត ។ជាពិសេសត្រូវអំពាវនាវអោយប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩អោយបានគ្រប់ៗគ្នា។ ចុងបញ្ចប់ឯកឧត្តម និងអាជ្ញាធរដែនដី ក៏បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក ចំនួន ០៣គ្រួសារផងដែរ ៕