កម្ពុជាមិនរើសអើងប្រភពថវិកាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នោះទេ


ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលចិនបានផ្ដល់ប្រាក់កម្ចីមកកម្ពុជា ជិត៣ពាន់លានដុល្លារ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ ខណៈកម្ពុជាក៏មិនរើសអើងប្រភពថវិកា មកពីបណ្ដាប្រទេសដទៃ ដែលចង់ជួយកម្ពុជានោះឡើយ។

ថ្លែងក្នុងកម្មវិធី MPWT LIVE SHOW ក្រោមប្រធានបទ សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ចាប់ពីចុងឆ្នាំ២០១៨ ដល់ពេលបច្ចុប្បន្ន និង ផែនការកំពុងបន្តរហូតដល់ឆ្នាំ ២០២៣ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ ឆ្លើយតបនឹងសំណួររបស់ប្រជាពលរដ្ឋ ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ប្រទេសដែលផ្ដល់ថវិកាច្រើនជាងគេ សម្រាប់ប្រាក់កម្ចីមកកសាងប្រព័ន្ធផ្លូវថ្នល់ ស្ពាន នៅកម្ពុជាយើង គឺប្រទេសចិនដែលផ្ដល់ប្រាក់កម្ចី ជិត៣ពាន់លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាបានយ៉ាងល្អ ប្រសើរ ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ប្រទេសចិនបានផ្ដល់ប្រាក់កម្ចី មកកសាង ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា រួមមាន ផ្លូវជាតិលេខ៣, លេខ៥៧, លេខ៥៨, លេខ៦, លេខ៨, លេខ៩, លេខ១០, លេខ៧១C, លេខ៣១, លេខ៣៣, លេខ៤១ និងមានផ្លូវផ្សេងៗទៀត ក្រៅពីប្រភពថវិការបស់ប្រទេសចិន ក៏មានដូចជា ប្រទេសជប៉ុន កូរ៉េ វៀតណាម ថៃ ធនាគារអភិវឌ្ឍន៍អាស៊ី និង ធនាគារពិភពលោក ក៏បានរួមចំណែកការផ្ដល់ប្រាក់កម្ចី និងជំនួយ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជាផងដែរ។

ឯកឧត្តមបានបញ្ជាក់ថា ក្នុងរយៈពេល៥ឆ្នាំមកនេះ ចិនបានផ្ដល់ប្រាក់កម្ចីមកកម្ពុជាជាច្រើន ហើយកម្ចី នោះត្រូវបានប្រើប្រាស់យ៉ាង ត្រឹមត្រូវចំទិសដៅ ពីព្រោះដើម្បីឱ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើន ត្រូវមានប្រព័ន្ធដឹកជញ្ជូនឱ្យបានល្អ ទើបសេដ្ឋកិច្ចជាតិមានការ រីកចម្រើន។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា កម្ពុជាមិនរើសអើងប្រភពថវិកាទេ បើមិត្តណាចង់ជួយ យើងនឹងទទួលមិនដែលបដិសេធថា យើងខ្ញុំមិនត្រូវការថវិកា របស់ ប្រទេសនេះ ឬប្រទេសនោះឡើយ។ ខ្ញុំសូមជម្រាបឲ្យច្បាស់ ដោយសារមានលើកឡើង ឬការចោទប្រកាន់ថា ហេតុដូចម្ដេច? កម្ពុជាពឹងពាក់ទៅលើចិនច្រើនម៉្លេះ? មិនមែនរើសអើងទេ មិត្តណាផ្ដល់ជំនួយ ឬប្រាក់កម្ចីទាន់ពេលវេលា ដើម្បីមកកសាង ស្ពាន ផ្លូវរបស់យើង យើងទទួល»។

ឯកឧត្តម ស៊ុន ចាន់ថុល បានអៈអាងថា ក្រោយការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវ ស្ពានជាច្រើនអនេក នៅទូទំាងប្រទេស បានធ្វើឱ្យប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការធ្វើដំណើរ ដឹកជញ្ជូនភោគផលទៅកាន់ទីផ្សារបានយ៉ាងលឿន ឆាប់ហ័ស ពិសេសធ្វើឱ្យមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចនៅមូលដ្ឋាន៕