នៅថ្ងៃថ្ងៃ៧រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី៣០ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានដឹកនាំគណៈប្រតិភូ ចុះពិនិត្យមើលការស្ថាបនាសំណង់ស្ទាក់ទឹកកាត់ដងស្ទឹងសង្កែ ក្នុងភូមិសាស្ត្រ នៃស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ទំនប់ស្ទាក់ទឹកនេះគឺជាប្រព័ន្ធធារាសាស្ត្រមួយ យ៉ាងសំខាន់បន្ថែមទៀត ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនជាសម្បត្តិសាធារណៈនៅក្នុងខេត្តបាត់ដំបង ដើម្បីបានបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ។
លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានឱ្យដឹងថា ទំនប់ស្ទាក់ទឹកសាលាតាអន នេះចំណាយថវិកាក្នុងការសាងសង់អស់ជាង ៤០លានដុល្លារអាម៉េរិក ដែលរហូតមកដល់នឹងពេលនេះការងារសាងសង់ទំនប់ស្ទាក់ទឹកនេះ សម្រេចបានជាង ៩០ភាគរយ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ខាងមុខនេះ ។ សម្រាប់ការ ងារនៅសេសសល់ គឺសម្អាតឱ្យបានត្រឹមត្រូវតាមស្តង់ដាររបស់គម្រោងតែប៉ុណ្ណោះ ។
ក្រោយពីបញ្ចប់ការងារសាងសង់រួចរាល់ ទំនប់ស្ទាក់ទឹកសាលាតាអននេះនឹងផ្តល់នូវអត្ថប្រយោជន៍ ដ៏មានសក្តានុពលនៃវិស័យសេដ្ឋកិច្ចរបស់ខេត្តបាត់ដំបង ឱ្យកាន់តែប្រសើរឡើងថែមទៀត តាមរយៈនៃសារៈប្រយោជន៍ចំនួន៣សំខាន់ រួមមាន៖ ទី១- ការរក្សានិងតម្កល់កម្ពស់ទឹកស្ទឹងសង្កែ ជាប់ជាប្រចាំទាំងក្នុងរដូវប្រាំង និងរដូវវស្សា យ៉ាងហោចណាស់ក្នុងកម្រិតកម្ពស់ទឹកពី១០ទៅ១៣ម៉ែត្រ មុននឹងវាហូរធ្លាក់ចុះទៅតំបន់បឹងទន្លេសាប ។
ទី២- បម្រើដល់ការផលិតទឹកស្អាតសម្រាប់ការប្រើប្រាស់ជីវភាពប្រចាំថ្ងៃក្នុងទីប្រជុំជនក្រុង និងស្រុកជិតខាងមួយចំនួនទៀត។ ជាពិសេសធ្វើឱ្យទីក្រុងបាត់ដំបង កាន់តែមានភាពស្រស់ស្អាតនៃដងស្ទឹងសង្កែ អាចទាក់ទាញដល់កំណើនភ្ញៀវទេសចរជាតិ-ភ្ញៀវទេសចរបរទេស មកទស្សនាកម្សាន្តទៀតផង ។ ទី៣- ទំនប់នេះនឹងផ្តល់នូវការស្រោចស្រពលើផ្ទៃដីដាំដុះដំណាំស្រូវ នៅក្នុងរដូវ វស្សា ប្រមាណ ១១ពាន់ហិកតា និងស្រូវរដូវប្រាំងប្រមាណ ៤ពាន់ហិកតា ផងដែរ ។
អភិបាលខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ មានប្រសាសន៍ថា តាមរយៈសំណង់ស្ទាក់ទឹក ដែលត្រូវប្រើថវិកាដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្នុងនាមប្រជាពលរដ្ឋទូទាំងខេត្ត ឯកឧត្តម បានសម្ដែងនូវការដឹងគុណ និងអរគុណចំពោះប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រសួង និង ដៃគូអភិវឌ្ឍន៍នានា ដែលបានផ្តល់នូវសមិទ្ធផលធំៗជាច្រើនដល់ខេត្តបាត់ដំបង ក្នុងការលើកកម្ពស់ដល់សេដ្ឋកិច្ចរបស់ខេត្តបាត់ដំបង ក៏ដូចជាសេដ្ឋកិច្ចរបស់ប្រជាពល រដ្ឋ ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់៕
.j.jpg)

