កាលពីថ្ងៃ ៨រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា និស្សិតត្រូវការពារមុខមាត់ និងតម្លៃរបស់វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន និងត្រូវមានមោទនភាពថា វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ជាវិទ្យាស្ថានតែមួយគត់នៅកម្ពុជា ដែលបណ្ដុះបណ្ដាលសិស្សនិស្សិតឱ្យក្លាយ ជាវិស្វករ អាចកសាងផ្លូវ ស្ពានមានគុណភាពជូនប្រទេសជាតិមាតុភូមិយើង ដូនតាយើងបានសាងសង់ប្រាង្គប្រាសាទអង្គរវត្ត និង ប្រាសាទផ្សេងទៀត ដោយគ្មានកុំព្យូទ័រ គ្រឿងចក្រទំនើប ដូចសព្វថ្ងៃនេះ ប៉ុន្តែលោកអាចធ្វើបានប្រកបដោយគុណភាព។ ឯកឧត្តម មានប្រសាសន៍បែបនេះ ក្នុងពិធីសំណេះ សំណាលជាមួយសាស្ត្រាចារ្យ និងនិសិត្សជំនាន់ទី១ នៃវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូនឆ្នាំសិក្សាមូលដ្ឋាន ២០២០-២០២១ តាមរយៈប្រព័ន្ធវីដេអូ ពីចម្ងាយ ។
នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំនិស្សិតជំនាន់ទី១ ឱ្យខិតខំប្រឹងប្រែងរៀនសូត្រឱ្យពូកែ មានឆន្ទៈខ្ពស់ក្នុងការសិក្សាទើបអាចទទួលបានភាពជោគជ័យ បើមិនដូច្នោះទេ មិនអាចរកការងារបានធ្វើឡើយ ដោយបានគូសបញ្ជាក់ថា ឯកឧត្តមចង់ឃើញកូនខ្មែរមានសមត្ថភាព បច្ចេកទេស និងចំណេះដឹង ជំនាញអាចកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធស្ពានឆ្លងកាត់ទន្លេមេគង្គ ទន្លេបាសាក់ ទន្លេសាប និងស្ពានក្រោមដីបាន និងបានជំរុញលើកទឹកចិត្តឱ្យសិស្សនិស្សិតខិតខំប្រឹងប្រែងរៀនសូត្រឱ្យចេះ ដើម្បីយកចំណេះវិជ្ជាទៅជួយកសាងប្រទេសជាតិមាតុភូមិឱ្យបានរុងរឿងថែមទៀត ដើម្បីមោទនភាពគ្រួសារ បងប្អូន មិត្តភក្តិ សាស្ត្រាចារ្យ ថ្នាក់ដឹកនាំនៅក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាថ្នាក់ដឹកនាំប្រទេសជាតិយើងផងដែរ។
ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា វិទ្យាស្ថានបានចុះអនុស្សរណៈយោគយល់ជាមួយសាកលវិទ្យាល័យល្បីៗនៅប្រទេសចិន ក្រុមហ៊ុនឯកជននានា និងបន្តខិតខំប្រឹងប្រែងទំនាក់ទំនងរកសាស្ត្រាចារ្យល្អៗមកបង្រៀននិស្សិតយើងដោយផ្ទាល់ ឬតាមប្រព័ន្ធវីដេអូពីចម្ងាយ ដើម្បីបង្កើនចំណេះដឹងឱ្យបានគ្រប់ជ្រុងជ្រោយ ។ ប៉ុន្តែនិស្សិតយើងត្រូវមានឆន្ទៈខ្លួនឯង ដាក់ចិត្តដាក់កាយរៀនសូត្រឱ្យពូកែ ដើម្បីយកចំណេះដឹងទៅបម្រើប្រទេសជាតិមាតុភូមិ មិនមែនរៀនដើម្បីចប់នោះឡើយ។
ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តល់ដំបូន្មានល្អៗដល់និស្សិតផងដែរថា ក្នុងនាមជានិស្សិត ក្រៅពីការខិតខំប្រឹងប្រែងរៀនសូត្រ ត្រូវធ្វើខ្លួនជាមនុស្សល្អក្នុងសង្គម ត្រូវចូលរួមធ្វើយ៉ាងណាឱ្យប្រទេសជាតិ យើងមានការរីកចម្រើនដូចពាក្យស្លោកមួយឃ្លាថា៖ យើងមិនអាចរស់លើកោះដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ ហ៊ុំព័ទ្ធដោយសមុទ្រក្រីក្របានទេ យើងមានតួនាទីភារកិច្ចជួយពង្រីកកោះដែលមានសម្បត្តិស្តុកស្តម្ភនោះឱ្យធំ ហើយបង្រួញសមុទ្រក្រីក្រឱ្យនៅរួមតូចបំផុត ដើម្បីប្រជាពលរដ្ឋយើង និងពាក្យស្លោកមួយចំនួនទៀតថា៖ “បើអ្នកមិនដឹងថាទៅផ្លូវណា ផ្លូវណាក៏នាំអ្នកទៅទីនោះដែរ” “សម្ដីអត់ប្រយោជន៍នាំគ្រោះដល់ជាតិ ការងារមានប្រសិទ្ធភាពនាំជាតិរុងរឿង” ដូច្នេះកុំនិយាយអ្វីអត់បានការនាំឱ្យខ្មែរឈ្លោះគ្នា នាំឱ្យគេមើលងាយជនជាតិយើង និងត្រូវរួបរួមគ្នាកសាងប្រទេសជាតិយើងឱ្យ បានរុងរឿង ៕