ទីភ្នាក់ងារ AUF រៀបចំសន្និសីទថ្នាក់តំបន់ស្តីពី ការអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលឆ្លាស់ ដែលសមស្រ តាមសេចក្តីត្រូវការទីផ្សារការងារ


សន្និសីទថ្នាក់តំបន់ស្តីអំពី “ការអភិវឌ្ឍការបណ្តុះបណ្តាលគំរូដោយវិធីឆ្លាស់ដែលអាចសម្របទៅតាម បរិបទសិក្សានៃសាកលវិទ្យាល័យទាំងឡាយនៅអាស៊ីប៉ាស៊ីហ្វិក” ត្រូវបានរៀបចំឡើងដោយទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង AUF សហការជាមួយសាកលវិទ្យាល័យសេដ្ឋកិច្ច នៃទីក្រុងហូជីមិញ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ។

សិក្ខាកាមដែលជាថ្នាក់ដឹកនាំសាកលវិទ្យាល័យ សាស្ត្រាចារ្យតាមបណ្តាសាកលវិទ្យាល័យ អ្នកស្រាវជ្រាវ និងអ្នកជំនាញផ្នែកសេដ្ឋកិច្ច និងផ្នែកបណ្តុះបណ្តាល ប្រមាណ៣០០នាក់ មកពីប្រទេសជាច្រើនក្នុងតំបន់រួមមាន កម្ពុជា វៀតណាម ឡាវ ថៃ ម៉ុងហ្គោលី វ៉ាណាទូ នូវែលកាលេដូនី ។ល។ បានចូលរួមក្នុងវេទិកានេះ។

ថ្លែងក្នុងការបើកព្រឹត្តិការណ៏នេះ លោក SLIM Khalbous សាកលវិទ្យាធិការ នៃទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំងបានបញ្ជាក់ថា ៖ “អាស៊ីស្ថិតក្នុងការផ្លាស់ប្តូរមួយដ៏ស៊ីជម្រៅដែលបញ្ជាក់ច្បាស់តាមរយៈវិស័យអប់រំ និងការបណ្តុះបណ្តាលតាមគ្រឹះស្ថានឧត្តមសិក្សានានា។ ការអប់រំជាកត្តាសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដោយផ្តោតលើគុណភាពជាពិសេស។ លោកបានបន្តថាដើម្បីឈានដល់គោលដៅនេះ ការបណ្តុះបណ្តាលតាមជំនាញក្នុងប្រទេសជាច្រើនបានផ្សារភ្ជាប់នូវតួអង្គសំខាន់ៗចំនួនបី រួមមាន ទី១ និស្សិតដែលនឹងក្លាយជាអនាគតនិយោជិត ទី២ សាកលវិទ្យាល័យបើកចំហរទៅរកវិស័យឯកជន និងទី៣ ក្រុមហ៊ុនដែលជាអនាគតនិយោជក នៃយុវជនទាំងឡាយដែលនឹងប្រឡូកចូលក្នុងទីផ្សារការងារ”។

ស្ថិតក្នុងន័យនេះ AUF បានកៀរគរធនធាន និងចំណេះដឹងទាំងឡាយពីប្រភព នៃហ្វ្រង់កូហ្វូនីវិទ្យាសាស្ត្រដែលAUF បានកសាងជាបណ្តាញនៅលើពិភពលោក ដើម្បីគាំទ្រប្រព័ន្ធអប់រំ និងគ្រឹះស្ថានឧត្តមសិក្សាស្តីអំពីបញ្ហាចោទលើភាពទទួលបានការងារធ្វើ ដើម្បីផ្តល់ឱកាសដល់យុវជនដែលនឹងបញ្ចប់ការសិក្សាឱ្យបានកាន់តែប្រសើរ។

សូមបញ្ជាក់ថា សន្និសីទដែលរៀបចំឡើងនេះ ផ្តោតជាសំខាន់លើការបណ្តុះបណ្តាលគំរូនៅតាមគ្រឹះស្ថានឧត្តមសិក្សាមួយចំនួនក្នុងតំបន់អាស៊ី និងតំបន់ផ្សេងទៀត ដោយសហការជាមួយវិស័យឯកជន លើការបង្កើតកម្មវិធីបណ្តុះបណ្តាលឆ្លាស់គ្នារវាងការសិក្សាទ្រឹស្តីនៅតាមគ្រឹះស្ថានសិក្សា និងការប្រតិបត្តិ ឬអនុវត្តន៍ជាក់ស្តែងនៅតាមក្រុមហ៊ុន។ វាជាការបណ្តុះបណ្តាលមួយដែលសម្របតាមតម្រូវការជាក់ស្តែងនៃវិស័យឯកជន។ វាគ្មិនបានបង្ហាញអំពីការកសាងមូលដ្ឋាននៃការសិក្សា និងការបញ្ចូលកម្មវិធីនានាតាមសាកលវិទ្យាល័យ និងគំរូមួយចំនួននៃការបណ្តុះបណ្តាលដោយសហការជាមួយវិស័យឧស្សាហកម្មនៅក្នុងវិទ្យាស្ថានពហុបច្ចេកវិទ្យានៃទីក្រុងហាណូយ ។

ក្រោយពីបានធ្វើបទបង្ហាញរួមមក សិក្ខាកាមត្រូវបានបែងចែកជាក្រុមតូចៗដើម្បីពិភាក្សាគ្នាលើប្រធានបទបីផ្សេងគ្នារួមមាន ទី១ ថ្នាក់ដឹកនាំគោលដៅក្នុងការរៀបចំសម្របកម្មវិធីបណ្តុះបណ្តាលតាមសាកលវិទ្យាល័យស្របទៅតាមសេចក្តីត្រូវការនៃទីផ្សារការងារ ទី២ ការឆ្លាស់គ្នា និងនីតិវិធីនានាផ្តោតលើបញ្ហាប្រឈម កាតព្វកិច្ច និងការអនុវត្ត និងទី៣ កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិក្នុងវិស័យបណ្តុះបណ្តាលឆ្លាស់ដោយមានការបង្ហាញនូវបទពិសោធន៍នៃដៃគូឯកជនក្នុងវិស័យឧស្សាហកម្មសិប្បកម្ម និងសេវាកម្ម។ បន្ទាប់មកសិក្ខាសាលាបានប្រមូលផ្តុំគ្នាជាថ្មីដោយមានការធ្វើសេចក្តីសង្ខេបខ្លឹមសារតាមក្រុមនីមួយៗដើម្បីចែករំលែកដល់អង្គសន្និសីទទាំងមូលបានជ្រាប។

សូមបញ្ជាក់ថា ការបណ្តុះបណ្តាលតាមវិធីឆ្លាស់នេះ ទើបត្រូវបានបង្កើតឡើងនាប៉ុន្មានឆ្នាំចុងក្រោយនេះតាមគ្រឹះស្ថានមួយចំនួនក្នុងតំបន់ដែលបង្ហាញនូវប្រសិទ្ធិភាព និងសមត្ថភាពយ៉ាងសំខាន់ក្នុងទីផ្សារការងារ ។ ស្ថិតក្នុងគោលដៅនេះហើយ AUF បានបង្កើតមជ្ឈមណ្ឌលការងារហ្វ្រង់កូហ្វូន (CEF) ដែលនឹងស្នើនូវកម្មវិធីបណ្តុះបណ្តាលរយៈពេលខ្លីផ្តោតលើជំនាញ។ CEF ក៏ជាកន្លែងជួបជុំផ្លាស់ប្តូររវាងសាកលវិទ្យាល័យ និងតួអង្គសង្គមសេដ្ឋកិច្ចជាច្រើនផងដែរ។ AUF បាននឹងបង្កើតមជ្ឈមណ្ឌលការងារហ្វ្រង់កូហ្វូន( CEF) ជាង៨០០មជ្ឈមណ្ឌលនៅជុំវិញពិភពលោក និងផ្សារភ្ជាប់មជ្ឈមណ្ឌលនេះឱ្យខិតជិតគ្នារវាងទៅវិស័យអប់រំ និងវិស័យឯកជន៕