អំណោយ ដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ផ្ដល់ជូនតាមរយ: ឯកឧត្ដម អភិបាល ខេត្ត កំពង់ចាម ជូនដល់បងប្អូនអតីតយុទ្ធជនចំនួន៣៤គ្រួសារ


នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសមាគមនអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់អតីតយុទ្ធជនខេត្តកំពង់ចាមចំនួន ៣៤គ្រួសារ ដែលបានស្ម័គ្រចិត្តទៅរស់នៅតំបន់អភិវឌ្ឍន៍ភូមិសំបូរសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។ ក្នុងពិធីនោះ មានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានកិត្តិយសមាគមនអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម បានពំានាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាលសម្តេចទាំងទ្វេរតែងគិតគូរពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន នៅគ្រប់ពេលវេលា គ្រប់ទីកន្លែង។ ជាក់ស្តែងសម្តេចប្រធាន តែងតែងបានចាត់តាំងថ្នាក់ដឹកនាំចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចជាបន្តបន្ទាប់ ជូនដល់បងប្អូនអតីតយុទ្ធជនដែលបានស្ម័គ្រចិត្តមករស់នៅតំបន់អភិវឌ្ឍន៍។

ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់បងប្អូនអតីតយុទ្ធជនសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាពក្រុមគ្រួសារ ពិសេសកុមារតូចៗ ព្រោះរដូវនេះជារដូវវស្សា ដែលអាចនឹងកើតមានជំងឺរាតត្បាតផ្សេងៗដូចជាគ្រុនឈាម គ្រុនចាញ់ជាដើម ហេតុនេះសូមបងប្អូនរក្សាអនាម័យ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជនឱ្យចូលរួមចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់គ្រប់គ្នា និងត្រូវបង្កើនការការពារ ប្រុងប្រយ័ត្នថែមទៀត តាមការណែនាំរបស់ក្រសួងសុខាភិបាល នូវវិធានការពារ «៣ការពារ និង ៣កុំ» ជាពិសេស អនុវត្តការពាក់ម៉ាស់ ការលាងសម្អាតដៃ ការរក្សាគម្លាតសុវត្តិភាពបុគ្គល និងគម្លាតសង្គម ដើម្បីកាត់ផ្តាច់ខ្សែចម្លងជម្ងឺដ៏កាចសហាវមួយនោះ នៅក្នុងសហគមន៍កម្ពុជាយើងផងដែរ និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ។

គួរបញ្ជក់ថាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់អតីតយុទ្ធជនខេត្តកំពង់ចាម ចំនួន ៣៤គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម , មី០១កេស, ទឹកសុទ្ធ១កេស, ទឹកក្រូច០១កេស, ទឹកត្រី ០១យួរ ទឹកស៊ីអ៊ីវ ០១យួរ ជែល១ដប, ម៉ាស២ប្រអប់ ថ្នាំពេទ្យមួយចំនួន និងថវិកា ៣០០.០០០រៀល ។ ឧបត្ថម្ភថវិកា ភ្ជួរដីដំាដុះចំនួន ១.២០០.០០០រៀល ជូនមេភូមិសំបូរសែនជ័យ ៤០០.០០០រៀល កម្លាំងប្រជាការពារ ថវិកា ៦០០.០០០រៀល។ កន្លងមកឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តបានផ្តល់បង្គន់ចំនួន១៤ ដល់បងប្អូនអតីតយុទ្ធជន ជាក់ស្តែងថ្ងៃនេះឯកឧត្តមអភិបាលខេត្តក៏បានផ្តល់នូវបង្គន់ចំនួនថ្មី ចំនួន២០ បង្គន់បន្ថែមទៀតផងដែរ៕