អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តំណាងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចុះប្រមូលទិញផ្លែមៀនក្រអូប-តាង៉ែន នៅខេត្តបាត់ដំបង


ដោយមានការណែនាំដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន «ឡេង ណាវ៉ាត្រា» នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានធ្វើដំណើរចុះមកប្រមូលទិញផ្លែមៀនក្រអូប-តាង៉ែន របស់ប្រជាកសិករដែលកំពុងខ្វះទីផ្សារ។

សម្រាប់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានថ្លែងថា ជាកិត្តិយសដ៏ធំធេងរបស់លោក ដែលបានរួមចំណែកជួយរំលែកការលំបាករបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការចុះមកប្រមូលទិញផ្លែមៀនក្រអូប-តាង៉ែនពីប្រជាកសិករនាពេលនេះ។ អ្នកឧកញ៉ា ដែលមានងារជា «ឧកញ៉ាបេះដូងសាគរមនុស្សធម៌» នេះ ក៏បានបង្ហាញនូវក្តីរីករាយក្នុងការជួយដោះស្រាយការលំបាករបស់ប្រជាកសិករផងដែរ។

ផ្លែមៀន-តាង៉ែនរបស់ប្រជាពលរដ្ឋកម្ពុជាស្ថិតនៅក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន មានសេចក្តីរាយការណ៍ត្រូវជាប់គាំងខ្វះទីផ្សារប្រមាណជាង ៥ម៉ឺនតោននៅក្នុងឆ្នាំ២០២១នេះ ដោយសារតែប្រទេសថៃបិទការនាំចូល។ ដើម្បីសម្រួលកុំឱ្យប្រជាពលរដ្ឋជាម្ចាស់ចម្ការមៀនខាតបង់ថវិកា ដែលបានវិនិយោគលើការដាំដុះនោះ កាលពីដើមខែសីហាកន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានប្រើថវិកាផ្ទាល់ខ្លួនប្រមូលទិញផ្លែមៀន-តាង៉ែន ដែលអាចប្រមូលផលបានម្តងមកហើយ។

នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្សសម្តេចតេជោ ហ៊ុន សែន បានចុះមកឈរជើងប្រមូលទិញផ្លែមៀនក្រអូប-តាង៉ែន នៅក្នុងខេត្តបាត់ដំបងនេះរយៈពេលជិត២០ថ្ងៃ។ ផ្លែមៀនដែលបានប្រមូលទិញ ក៏ត្រូវបានចាត់ចែងដឹកយកជូនមន្ត្រីរាជការតាមក្រសួងស្ថាប័ន តាមខេត្ត ក៏ដូចជាកងកម្លាំង ក្រុមគ្រូពេទ្យ ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក្ត និងព្យាបាលជំងឺកូវីដ១៩ផងដែរ។

លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានប្រាប់ Fresh News ថា ការប្រមូលទិញរយៈពេលជិត២០ថ្ងៃនោះ គឺប្រមូលទិញផ្លែមៀនរបស់ប្រជាពលរដ្ឋបានជិត ២ពាន់តោន។

បើតាមលោក ងួន រតនៈ ការប្រមូលទិញកាលពីជំហ៊ានទី១ មិនទាន់អស់នៅឡើយ និងមានការស្នើសុំពីប្រជាកសិករម្ចាស់ចម្ការផងនោះ ទើបរូបលោកបានរាយការណ៍ និងគោរពស្នើសុំសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីជួយទិញផ្លែមៀនបន្ត។

ក្រោយទទួលបានការស្នើសុំនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តំណាងសម្តេចផ្ទាល់ចុះមកប្រមូលទិញផ្លែមៀនក្រអូប-តាង៉ែន នៅសេសសល់នេះ។

លោក ងួន រតនៈ បានឱ្យដឹងដែរថា ផ្លែមៀនដែលត្រូវប្រមូលទិញបន្តនេះ មានចំនួន៧ចម្ការ។

សូមបញ្ជាក់ថា ការប្រមូលទិញផ្លែមៀននេះ គឺទិញតែពីប្រជាពលរដ្ឋជាម្ចាស់ចម្ការដែលមានជីវភាពខ្សត់ខ្សោយប៉ុណ្ណោះ។ ដោយឡែកម្ចាស់ចម្ការដែលមានជីវភាពធូរធា គឺមិនត្រូវបានប្រមូលទិញនោះឡើយ ហើយមួយវិញទៀត មៀនរបស់អ្នកដែលមានចម្ការធំៗនោះ ក៏មិនទាន់អាចប្រមូលផលបានផងដែរ។

ការអន្តរាគមន៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងទិញផ្លែមៀនពីប្រជាពលរដ្ឋនាពេលនេះ បានជួយរំលែកការខាត់បង់របស់ប្រជាពលរដ្ឋ និងជួយដោះទាល់របស់ពួកគាត់ផងដែរ។ ការអន្តរាគមន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានបង្ហាញឱ្យឃើញនូវកាយយកចិត្តទុកដាក់ និងគិតគូរខ្ពស់របស់សម្តេចតេជោចំពោះប្រជាពលរដ្ឋគ្រប់រូបនៅពេលជួបការលំបាក។

ការអន្តរាគមន៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាននាំមកនូវក្តីរីករាយជាខ្លាំងរបស់ប្រជាពលរដ្ឋជាម្ចាស់ចម្ការមៀន។ ពួកគេបានគោរពថ្លែងអំណរគុណជាអនេកចំពោះក្តីមេត្តា និងការគិតគូររបស់សម្តេចទាំងទ្វេ៕