ឯកឧត្តម ថោង ខុន ប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក បានជំរុញអាជ្ញាធរនៅស្រុកទាំងពីរនេះបន្តអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពង្រឹងវិធានការ ៣-កុំ និង ៣-ការពារ និងពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មីជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ថែមទាំងបន្តអនុវត្តការងារបម្រើសេវាសាធារណៈ និងការងារបង្កបង្កើនផលផងដែរ។
ការជំរុញបែបនេះគឺធ្វើឡើងក្នុងកិច្ចប្រជុំជីវភាពគណបក្សរបស់គណបក្សស្រុកទាំងពីរ តាមរយៈប្រព័ន្ធវីដេអូ Zoom Meeting នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១។
នាឱកាសនោះ ប្រធាន និងអនុប្រធានគណបក្សស្រុកទាំងពីរ ក៏បានរាយការណ៍អំពីការងារចាំបាច់មួយចំនួនជូនអង្គប្រជុំ រួមទាំងវឌ្ឍនភាពនៃយុទ្ធនាការចាក់វ៉ាក់សាំង និង យុទ្ធនាការ ៣កុំ ៣ ការពារ ផងដែរ។
នាឱកាសនោះ ឯកឧត្តម ថោង ខុន បានណែនាំឱ្យគណបក្សស្រុកត្រៀមរៀបចំបញ្ជីបេក្ខភាពក្រុមប្រឹក្សាឃុំ ដើម្បីពិភាក្សាជាមួយគណបក្សឃុំ និងក្រុមការងារ ឃុំ និងបញ្ជូនមកពិភាក្សានៅគណបក្សស្រុកដើម្បីសម្រេចឲ្យបានតាមពេលវេលាកំណត់។
ចំពោះការចាក់វ៉ាក់សាំង លទ្ធផលបានល្អប្រសើរហើយ គឺចាប់ពីអាយុ ១២ ឆ្នាំឡើង បានលើស ៩០% ហើយ ស្នើខិតខំបន្តទៀត ព្រមជាមួយនោះមិនត្រូវភ្លេចយុទ្ធនាការ ៣ កុំ ៣ ការពារ ដែលចាំបាច់ត្រូវធ្វើដូចភ្លៀងរលឹម ហើយត្រូវធ្វើឲ្យដល់គ្រួសារនីមួយៗ និងមនុស្សគ្រប់រូប។
លោកបានជំរុញឱ្យក្រុមការងារចុះជួយស្រុក ឃុំ ភូមិ ត្រូវបន្តសកម្មភាពចុះជួយមូលដ្ឋានភូមិ ឃុំ ឱ្យបានសកម្មឡើងវិញ ដើម្បីក្ដាប់ពីសតិអារម្មណ៍ បញ្ហារបស់ប្រជាពលរដ្ឋ ដើម្បីលើកយកមកពិភាក្សាផ្លាស់ប្ដូរយោបល់ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។
ដើម្បីជំរុញការងារកសាងសមាជិកគណបក្ស ត្រៀមលក្ខណៈក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ លោកក៏បានជំរុញឱ្យអាជ្ញាធរស្រុកទាំងពីបន្តការងារកសាងសមាជិកគណបក្សបន្តទៅទៀត ខណៈការងារនេះក៏ឈានទៅសម្រេចបានតាមផែនការរបស់គណបក្សស្រុកផងដែរ ឬអាចឈានឱ្យលើសពី ៧០ ភាគរយនៃប្រជាពលរដ្ឋដែលបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅតាមភូមិនីមួយៗ ពោលគឺនៅចុងខែកញ្ញានេះ ត្រូវខិតខំសម្រេចផែនការឲ្យបាន មិនត្រូវទុកឲ្យមានភូមិណាមួយនៅក្រោម ៧០% ឡើយ ព្រោះថាការិយាល័យបោះឆ្នោត គឺមាននៅគ្រប់ភូមិ។
ក្រៅពីនេះ ឯកឧត្តម ថោង ខុន បានជំរុញមន្ត្រីសមត្ថកិច្ចពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មីជូនប្រជាពលរដ្ឋ ឱ្យបានទាន់មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២។
លើសពីនេះទៀត ក៏ត្រូវបន្តជំរុញការងារជួយកសិករធ្វើកសិកម្មស្រែចម្ការ បង្កបង្កើនផល ដោះស្រាយបញ្ហាខ្វះខាតទឹក ទប់ស្ទាក់ទឹកទុកប្រើប្រាស់ជាដើម។
ឯកឧត្តមបានបញ្ចាក់ថា «ពិន្ទុនៃការទាក់ទាញទឹកចិត្តរបស់ប្រជាពលរដ្ឋឱ្យគាំទ្រគណបក្សប្រជាជនកម្ពុជា គឺការជំរុញយុទ្ធនាការចាក់វ៉ាក់សាំង ការបម្រើសេវាសាធាណៈជូនប្រជាពលរដ្ឋ»៕