អភិបាលខេត្តបាត់ដំបង ចុះពិនិត្យ និងប្រមូលទិញផ្លែមៀនពីកសិករ នៅបរិវេណព្រលានយន្តហោះ


នៅថ្ងៃ១៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី០៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមជាមួយក្រុមការងាររបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីចុះពិនិត្យការប្រមូលទិញផ្លែមៀន និងមៀនក្រអូប ជំហានទី២ នៅបរិវេណព្រលានយន្តហោះវាលបែកចាន ក្រុងបាត់ដំបង ។

ក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាអ្នកដាំមៀន (តាង៉ែន) និង មៀនក្រអូបនៅក្នុងខេត្តបាត់ដំបង ដែលអាចប្រមូលផលបាន សូមយកមកលក់ឱ្យក្រុមការងារផ្ទាល់ នៅទីស្នាក់ការប្រមូលទិញផ្លែតាង៉ែន និងមៀនក្រអូប នៅបរិវេណព្រលានយន្តហោះវាលបែកចាន ក្រុងបាត់ដំបង ។

សូមបញ្ជាក់ថា ចាប់តាំងពីខែសីហា ឆ្នាំ២០២១មក ការនាំផ្លែមៀនក្រអូប ផ្លែតាង៉ែន ទៅកាន់ប្រទេសថៃ ត្រូវបានបិទ បណ្តាលឱ្យកសិករខ្មែរអ្នកដាំមៀន តាង៉ែននៅខេត្តតាមបន្ទាត់ព្រំដែនគ្មានទីផ្សារ ។ ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានចាត់ឱ្យមន្ត្រីរបស់ខ្លួនចុះទិញផ្លែមៀន ផ្លែតាង៉ែន ពីកសិករដែលកំពុងមានបញ្ហាខ្វះទីនោះ យកមកចែកជូនដល់កងកម្លាំងសមត្ថកិច្ច ក្រុមគ្រូពេទ្យព្យាបាលជំងឺកូវីដ-១៩ អ្នកជំងឺកូវីដ-១៩ និងអ្នកកំពុងធ្វើចត្តាឡីស័ក៕