អាជ្ញាធរខេត្តស្ទឹងត្រែងរួមជាមួយស្ថាប័នជំនាញ និងអង្គការដៃគូ បានចុះពិនិត្យទីតាំងស្ថាបនាទំនប់ស្ទាក់ទឹកអូរតាង៉យ សម្រាប់បងប្អូនជនជាតិព្រៅរស់នៅភូមិការតូតប្រើប្រាស់ ក្នុងពេលដែលពួកគាត់ប្រឈមនឹងការខ្វះខាតទឹកស្អាតនោះ។
ក្នុងឱកាសចុះពិនិត្យទីតាំង ស្ថាបនាទំនប់ស្ទាក់ទឹកនៅភូមិការតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីពេលថ្មីៗនេះ ឯកឧត្តម ជា ថាវរិទ្ធ អភិបាលរងខេត្តស្ទឹងត្រែងមានប្រសាសន៍ថា៖ នេះជាការដោះស្រាយបញ្ហាចំពោះមុខ ដើម្បីជួយដល់បងប្អូនជនជាតិព្រៅ ឱ្យមានទឹកប្រើប្រាស់គ្រប់គ្រាន់ និងសម្រាប់ស្រោចស្រពដំណាំកសិកម្មផង ហើយពេលស្ថាបនាទំបន់ទឹកនេះរួច វាអាចបម្រើឱ្យវិស័យ ទេសចរណ៏បានថែមទៀត ។
ឯកឧត្តមអភិបាលរងបន្តថា យុទ្ធសាស្ត្រនេះ ក្រុមការងារប្រឹក្សាយោបល់ផ្ទាល់ជាមួយអាជ្ញាធរមូលដ្ឋាន រួមគ្នាដោះស្រាយបញ្ហា ផលប៉ះពាល់ ដូចជាផលដំណាំ ដីកសិកម្មរបស់ប្រជាពលរដ្ឋ ដើម្បីធ្វើឱ្យដំណើរការស្ថាបនាទំបន់ទឹកនេះ សម្រេចទៅបានជោគជ័យ ឆាប់រហ័ស។
លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានបានសាទរ ចំពោះអង្គការឆេនប្រចាំនៅខេត្តស្ទឹងត្រែងដែលបានចាប់ដៃគូ ជួយអភិវឌ្ឍន៏ សមិទ្ធផលក្នុងស្រុកសេសាន ហើយអាជ្ញាធរនិងចូលរួមថវិកាជាបដិភាគ ដើម្បីធ្វើឱ្យគម្រោងស្ថាបនា ទំនប់ស្ទាក់ទឹកនេះ ដំណើរទៅបាន តាមការគ្រោងទុក។
សូមបញ្ចាក់ថា៖ អូរតាង៉យ ជាទីតាំងដែលបងប្អូនជនជាតិព្រៅយកទឹកមកប្រើប្រាស់តាំងពីដើមរៀងមក ព្រោះជាប្រភពទឹកធម្មជាតិ មានទាំងរដូវប្រាំង និងរដូវវស្សា ហូរធ្លាក់មកពីជើងភ្នំការតូតនិងភ្នំនាងតែង អំណោយផលល្អសម្រាប់បម្រើឱ្យជីវភាពប្រចាំថ្ងៃ និងស្រោចស្រពដំណាំកសិកម្មផងដែរ៕





