រដ្ឋមន្ត្រីក្រសួងកសិកម្មណែនាំដល់មន្ទីរកសិកម្ម ត្រូវចាត់ចែងចាក់ថ្នាំការពារជំងឺដុំពកលើស្បែកគោ ក្របី ជូនប្រជាពលរដ្ឋឱ្យទូលំទូលាយ


ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានណែនាំដល់មន្ទីរកសិកម្ម រាជធានី ខេត្ត ត្រូវចាត់ចែងកម្មវិធីចាក់ថ្នាំការពារជំងឺដុំពកលើស្បែកគោ ក្របី ជូនប្រជាពលរដ្ឋឱ្យទូលំទូលាយ និងគ្រប់ក្រុមគ្រួសារ ដែលជាម្ចាស់សត្វ ដើម្បីធានា និងលើកកម្ពស់ការការពារជំងឺឆ្លងក៏កាចសាហាវនេះ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ សុខភាពសត្វ អាយុសត្វ និងសេដ្ឋកិច្ច គ្រួសារកសិករ ។

ឯកឧត្តម ក៏បានស្នើសុំឱ្យមន្រ្តីពេទ្យសត្វ ត្រូវខិតខំបន្ថែមទៀតក្នុងការផ្សព្វផ្សាយអំពីបញ្ហាជំងឺ វិធានការការពារ និងព្យាបាល សត្វ និងជាពិសេសត្រូវជំរុញ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋយកសត្វមកចាក់ថ្នាំការពារឱ្យបានទាន់ពេលវេលា និងចូលរួមសហការ ជាមួយការិយាល័យសុខភាពសត្វ និងផលិតកម្មសត្វដើម្បីរាយការណ៍អំពីការវិវឌ្ឍន៍របស់ជំងឺ ស្ថានភាពជំងឺ និងការរីករាលដាលជំងឺ មកមន្រ្តីជំនាញឱ្យបានទាន់ពេល។

ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាម្ចាស់សត្វនៅទូទាំងប្រទេស ត្រូវយកសត្វមកចាក់ថ្នាំការពារ ឱ្យបានទាន់ពេល ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងប្រុងប្រយ័ត្នខ្ពស់បំផុត នូវវិធានការអនាម័យ និងវិធានការជីវសុវត្ថិភាព តាមការណែនាំរបស់មន្រ្តីជំនាញ និងហាមលែងសត្វ ទាំងសត្វជា និងសត្វឈឺឲ្យដើរស៊ីពាសវាលពាសកាល ត្រូវចិញ្ចឹមក្នុងទ្រុង ឬក្រោល ហើយត្រូវតាមដានសុខភាពសត្វ ឲ្យបានជាប់ជាប្រចាំ ។ ជាងនេះទៅទៀត ម្ចាស់សត្វមិនគួរប្រើប្រាស់ថ្នាំការពារ ឬថ្នាំព្យាបាលសត្វ ដោយមិនបានពិគ្រោះ ឬសុំយោបល់ ពីមន្រ្តីជំនាញឡើយ ៕