អភិបាលខេត្តបន្ទាយមានជ័យ ជំរុញឱ្យមានការសម្អាតបរិស្ថានអនាម័យសាលារៀន ឱ្យបានស្អាតមុននឹងបើកឱ្យដំណើរឡើងវិញ


អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានជំរុញដល់អាជ្ញាធរគណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្សឱ្យចូល រួមសម្អាតបរិស្ថានអនាម័យឱ្យបានស្អាត ពិសេសបាញ់ថ្នាំសម្លាប់មេរោគជាមុនសិន ចំពោះ សាលារៀនណាដែលធ្លាប់យកធ្វើជាកន្លែងព្យាបាល និងធ្វើជាមណ្ឌលចត្តាឡីស័កជំងឺកូវីដ- ១៩ នោះ។

ការជំរុញបែបនេះក្នុងឱកាសឯកឧត្តម អ៊ុំ រាត្រី រួមដំណើរជាមួយ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត មន្ត្រីពាក់ព័ន្ធបានចុះពិនិត្យមើលស្ថានភាពជាក់ស្តែង នៅតាមបណ្តាសាលារៀនមួយចំនួន នៅស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ មុននឹងអនុញ្ញា តឱ្យបើកដំណើរបង្រៀននិងរៀនឡើងវិញនារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១។

ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ការចុះពិនិត្យមើលស្ថានភាព សាលារៀននៅតាមបណ្តាក្រុង ស្រុក ជាការចាំបាច់ដើម្បីសម្រេចចំនួនជាក់លាក់ស្នើសុំ គោលការណ៍ទៅក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឱ្យបើកដំណើរការបង្រៀន និង រៀនឡើងវិញទាំងស្រុង ឬតាមបណ្តុំ និងតាមអនឡាញនោះ ។

ក្នុងឱកាសនោះ ឯកឧត្តមបានបញ្ជាក់ថា ការបើកឱ្យដំណើរការសិក្សាឡើងវិញនេះ ពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ ដល់សិស្សានុសិស្ស ដែលពួកគាត់បានផ្អាកការសិក្សាមួយរយ:ពេលកន្លងមកនេះ ដើម្បីអាចទទួលបានចំណេះដឹងគ្រប់គ្រាន់ឡើងវិញ។

ជាមួយនោះដែរ ឯកឧត្តមក៏បានក្រើនរម្លឹកដល់អាជ្ញាធរ គណៈគ្រប់គ្រងសាលា លោក គ្រូអ្នកគ្រូ សិស្សានុសិស្ស ត្រូវបង្កើនការយកចិត្តទុកដាក់ នៅពេលដែលការសិក្សាបើកឡើង វិញនាពេលខាងមុខនេះ ត្រូវតែអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន ការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូច ក្រសួងសុខាភិបាលនូវវិធានការ៣កុំនិង៣ការពារ ដើម្បីចៀសផុតពីការឆ្លងរាលដាលជំងឺកូវីដ- ១៩៕