លោកជំទាវ ឱ វណ្ណឌីន ៖ ស្ដ្រីមានផ្ទៃពោះ ឬកំពុងបំបៅកូនដោយទឹកដោះ ក៏អាចចាក់វ៉ាក់សាំងការពារជំងឺកូវីដបានដែរ


(កណ្ដាល)៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ស្ដ្រីមានផ្ទៃ ឬកំពុងបំបៅកូនដោយទឹកដោះ ក៏អាចទទួលយកនូវការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បានដូចគេឯងដែរ ក្នុងករណីគាត់មានសុខភាពល្អ។

ការលើកឡើងរបស់លោកជំទាវ ឱ វណ្ណឌីន បានធ្វើឡើងក្នុងឱកាសអញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនមនុស្សពេញវ័យ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ នៅមន្ទីរពេទ្យជ័យជំនះ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្ដកណ្ដាល បន្ទាប់ពីមានប្រជាពលរដ្ឋងឿងឆ្ងល់ពាក់ព័ន្ធស្ដ្រីមានផ្ទៃពោះ ឬកំពុងបំបៅកូនដោយទឹកដោះ។

មន្ដ្រីជំនាញសុខាភិបាលរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «ចំពោះស្ដ្រីមានផ្ទៃពោះ ឬបំបៅកូនដោយទឹកដោះនេះ ប្រសិនបើគាត់មានសុខភាពធម្មតា គាត់អត់មានជំងឺដង្កាត់អីទេ ហើយគាត់ស្ម័គ្រចិត្តចង់ចាក់ គឺគាត់អាចទៅទទួលការចាក់វ៉ាក់សាំងនេះបាន មិនថាពេលណា មិនថាខែណានោះទេ ឲ្យតែគាត់ស្រួលខ្លួន ហើយគាត់ចង់ចាក់សូមអញ្ជើញមកចាក់»។

ការចេញមកបញ្ជាក់របស់លោកជំទាវ ឱ វណ្ណឌីន នាឱកាសនោះ គឺដើម្បីឲ្យប្រជាពលរដ្ឋមានភាពច្បាស់លាស់ត្រង់ចំណុចនេះ ខណៈកាលពីពេលកន្លងទៅប្រជាពលរដ្ឋ ពិសេសបុគ្គលស្ដ្រីមានផ្ទៃពោះ ឬកំពុងបំបៅកូនដោយទឹកដោះ ហាក់មិនទាន់មានភាពច្បាស់លាស់លើការចាក់វ៉ាក់សាំង ព្រោះខ្លាចប៉ះពាល់កូនរបស់គាត់ជាដើម។

លោកជំទាវ ឱ វណ្ណឌីន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកុំមានការងឿងឆ្ងល់ទៅលើប្រសិទ្ធភាព និងគុណភាពនៃវ៉ាក់សាំង ព្រោះអង្គការសុខភាពពិភពលោក WHO បានដាក់ចូលក្នុងបញ្ជីប្រើប្រាស់បន្ទាន់រួចហើយ ហើយមុនពេលអនុញ្ញាតឲ្យប្រើប្រាស់ អង្គការសុខភាពពិភពលោក បានសិក្សាច្បាស់លាស់ណាស់ជុំវិញប្រសិទ្ធភាព និងគុណភាពនេះ។

បន្ថែមពីនេះ លោកជំទាវ ប្រធានគណៈកម្មការចំពោះ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋបន្ថែមទៀត ដើម្បីកុំឲ្យមានការរើសអើងប្រភេទវ៉ាក់សាំង ដែលរាជរដ្ឋាភិបាលចាក់ជូននេះ ព្រោះវ៉ាក់សាំងទាំងអស់សុទ្ធតែមានគុណភាពដូចគ្នាៗ និងអាចការពារប្រជាពលរដ្ឋពីការឆ្លងជំងឺកូវីដ១៩ ហើយក្នុងករណីឆ្លង ក៏ទប់ស្កាត់មិនឲ្យវិវឌ្ឍន៍ទៅរកស្ថានភាពធ្ងន់ធ្ងរផងដែរ៕