ប្រមុខការទូតកម្ពុជា៖ តួនាទីប្រធានអាស៊ានខាងមុខ ជាឱកាសសម្រាប់កម្ពុជាបង្ហាញមុខមាត់ និងសមត្ថភាពនៃការត្រួសត្រាយផ្លូវដើម្បីរក្សាឯកភាព សាមគ្គីភាព ភាពធន់ និងមជ្ឈភាពរបស់អាស៊ាន


(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានគូសបញ្ជាកថា ការទទួលបានតួនាទីជាប្រធានអាស៊ាន នៅឆ្នាំ២០២២ ខាងមុខនេះ គឺជាឱកាសសម្រាប់ប្រទេសកម្ពុជា ក្នុងការបង្ហាញមុខមាត់ និងសមត្ថភាពនៃការត្រួសត្រាយផ្លូវដើម្បីរក្សាឯកភាព សាមគ្គីភាព ភាពធន់ និងមជ្ឈភាពរបស់អាស៊ាន។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងបែបនេះក្នុងពិធីបើកកម្មវិធីកម្រងបាឋកថាស្តីពី «Cambodia & ASEAN and Cambodia as ASEAN Chairmanship 2022» ដែលរៀបចំដោយ វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១នេះ។ កម្រងបាឋកថាខាងលើមានទិសដៅ (១) លើកកម្ពស់ការយល់ដឹងអំពីទំនាក់ទំនងរវាងកម្ពុជា-អាស៊ាន (២) ផ្សព្វផ្សាយនូវតួនាទី និងការត្រៀមខ្លួនរបស់កម្ពុជាក្នុងនាមជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២២ និង (៣) ចែករំលែកនូវឱកាស និងបញ្ហាប្រឈមសម្រាប់កម្ពុជា ក្នុងនាមជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២២ ជាពិសេសនៅក្នុងបរិបទនៃជំងឺកូវីដ-១៩។

ក្រសួងការបរទេស បានបញ្ជាក់ដូច្នេះថា៖ «ថ្លែងក្នុងពិធីបើកកម្រងបាឋកថានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់កម្ពុជាក្នុងការក្លាយជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០២២ ខាងមុខនេះ ដោយវាជាឱកាសសម្រាប់កម្ពុជាក្នុងការបង្ហាញមុខមាត់ និងសមត្ថភាពនៃការត្រួសត្រាយផ្លូវដើម្បីរក្សានូវឯកភាព សាមគ្គីភាព ភាពធន់ និង មជ្ឈភាពរបស់អាស៊ាន»

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានលើកឡើងនូវបញ្ហាប្រឈមសម្រាប់កម្ពុជា ក្នុងការរួមចំណែកដោះស្រាយបញ្ហាក្នុងតំបន់ និងអន្តរជាតិ និងជាពិសេសក្នុងស្ថានភាពដ៏តានតឹងនៃការប្រកួតប្រជែងឥទ្ធិពលភូមិសាស្រ្តនយោបាយរវាងប្រទេសមហាអំណាច និងបញ្ហាចំពោះមុខដែលបាននិងកំពុងកើតឡើងនាពេលបច្ចុប្បន្ន។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានចង្អុលបង្ហាញអំពីគុណសម្បត្តិអាស៊ានដោយបន្សល់នូវនិម្មាបនកម្មតំបន់សំខាន់ៗជាច្រើន ដែលជាមាគ៌ាធានា និងរក្សាបាននូវស្ថិរភាព និងវិបុលភាពតំបន់។

ឆ្លៀតក្នុងឱកាសនោះ ប្រមុខការទូតកម្ពុជា ក៏បានបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តខិតខំប្រឹងប្រែងលើកកម្ពស់យន្តការនានា ដែលផ្តោតសំខាន់លើការពង្រឹងសកម្មភាពរួមគ្នាជាក់ស្តែង ដោយឈរជាមូលដ្ឋានលើភាពបើកចំហ ស្មោះត្រង់ សុចរិត សុឆន្ទៈ សាមគ្គីភាព និងភាពសុខដុមរមនានៅក្នុងអាស៊ាន ដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវបញ្ហាប្រឈមរួម ទាំងបញ្ហាប្រឈមមិនប្រពៃណីដែលមានស្រាប់ និងកំពុងលេចឡើងមួយចំនួនទៀតដែលអាស៊ានកំពុងជួបប្រទះ ក៏ដូចជាការស្តារឡើងវិញនូវសេដ្ឋកិច្ច-សង្គមក្រោយវិបត្តិជំងឺកូវីដ-១៩៕