ក្រសួងធនធានទឹក ចុះស្តារប្រឡាយក្របៅនៅសង្កាត់កំពង់សំណាញ់ ដើម្បីរំដោះទឹកមួយផ្នែកចេញពីក្រុងតាខ្មៅ ក្រោយរងការលិចលង់


(កណ្តាល)៖ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០២១ ក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម និងជាប្រធានមុខព្រួញខេត្តកណ្តាល និងក្រុមការងារ បានចុះធ្វើការស្តារប្រឡាយក្របៅ មានទីតាំងស្ថិតនៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីរំដោះការលិចលង់នៅក្រុងតាខ្មៅដោយសារទឹកភ្លៀង។

មន្រ្តីក្រសួងធនធានទឹក បានឲ្យដឹងថា «ប្រឡាយក្របៅ មានតួនាទីសំខាន់ក្នុងការរំដោះទឹកមួយផ្នែកចេញពីសង្កាត់តាខ្មៅ សង្កាត់កំពង់សំណាញ់ និងសង្កាត់តាក្តុល របស់ក្រុងតាខ្មៅ ដោយបង្ហូរទម្លាក់ចូលទៅក្នុងបឹងរាន បន្តដល់បឹងជើងលោង ក្នុងភូមិសាស្ត្រឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល»

បើតាមមន្រ្តី ក្នុងការស្តារប្រឡាយធម្មជាតិនេះ ក្រសួង បានប្រើប្រាស់អេស្កាវ៉ាទ័រដៃវែង ដៃខ្លី និងរថយន្តបែន សម្រាប់ដឹកកំប្លោក និងល្បាប់ភក់ដែលបានគោករាក់នៅតាមពោះប្រឡាយ ដែលមានប្រវែងប្រមាណ ៤.៥០០ម៉ែត្រ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមម៉ាស៊ីនបូមទឹកចំនួនមួយគ្រឿងទៀត លើស្ថានីយបូមទឹកដែលមានស្រាប់ នៅលើប្រឡាយក្របៅ និងបានចាត់តាំងអ្នកបច្ចេកទេស និងគ្រឿងចក្រឲ្យយាមប្រចាំការនៅលើទីតាំងនោះផងដែរ ដើម្បីត្រៀមទុកការពារក្រែងមានសភាពការណ៍បន្ទាន់កើតឡើង។

គួរជម្រាបថា បន្ទាប់ពីទទួលរងនូវទឹកភ្លៀងជាបន្តបន្ទាប់ តំបន់មួយចំនួននៅក្រុងតាខ្មៅ ខេត្តកណ្តាល បានរងការជន់លិច ពិសេសត្រង់កំណាត់ផ្លូវជាតិលេខ២១B ចាប់ពីចំណុចរង្វង់មូលលោកតាខ្មៅ ដល់ស្តុបកាកបាទក្រហមខេត្ត។ រីឯនៅតាមភូមិវិញមានការជន់លិចផ្ទះសំបែងបងប្អូនប្រជាពលរដ្ឋ និងខូចខាតទ្រព្យសម្បត្តិរបស់ពួកគាត់មួយចំនួនផងដែរ៕