កិច្ចសន្ទនារវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និង​ក្រុមប្រឹក្សាធុរកិច្ចអាស៊ានលើកទី៥៣ តាមប្រព័ន្ធវីដេអូ


ភ្នំពេញ ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់ កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមកិច្ចសន្ទនារវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ជាមួយនឹងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន លើកទី៥៣ (53rd AEM-ASEAN Business Advisory Council Dialogue) តាមប្រព័ន្ធវីដេអូ កាលពី​ថ្ងៃ២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី០៨ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការចូលរួមពីរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងប្រធានសភាពាណិជ្ជកម្មពីបណ្តារដ្ឋ សមាជិក អាស៊ាន ព្រមទាំងអគ្គលេខាធិការអាស៊ានផងដែរ។

 

នៅក្នុង​ឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានមាន​ប្រសាសន៍ ថ្លែងអំណរគុណចំពោះក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) និងក្រុមប្រឹក្សា ចម្រុះធុរកិច្ច (JBC) ចំពោះកិច្ចខិតខំប្រឹងប្រែង និងការសម្របសម្រួលរបស់ពួកគេក្នុងការជួយស្តារឡើងវិញពីជំងឺកូវីដ-១៩ ក្នុងតំបន់។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអបអរសាទរដល់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ចំពោះវឌ្ឍនភាពនៃការអនុវត្តគម្រោងរបស់ខ្លួនដែលមានគុណតម្លៃ ដល់សហគមន៍សេដ្ឋកិច្ចអាស៊ាន។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមក ដើម្បីស្តារសេដ្ឋកិច្ច ឡើងវិញ និងលើកទឹកចិត្តដល់ស្ថាប័នពាក់ព័ន្ធ ខិតខំទាញប្រយោជន៍ឱ្យអស់ពីលទ្ធភាពនូវក្របខ័ណ្ឌ ផែនការសកម្មភាព នានារបស់ អាស៊ានដែលមានស្រាប់​ ព្រមជាមួយនឹងគំនិតផ្តួចផ្តើមថ្មីៗរបស់អាស៊ានផងដែរ។

ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានសង្ខេបជូនរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន អំពីអាទិភាព និងវឌ្ឍនភាពនៃ ការអនុវត្ត គម្រោងផ្តួចផ្តើមរបស់ខ្លួនសម្រាប់ឆ្នាំ២០២១។ ដោយ​ឡែក ក្រុមប្រឹក្សាធុរកិច្ចអាស៊ានបានធ្វើបទបង្ហាញអំពីគម្រោង នៃការរៀបចំ កិច្ចប្រជុំកំពូលស្តីពីពាណិជ្ជកម្ម និងវិនិយោគអាស៊ានឆ្នាំ២០២១ (ASEAN Business and Investment Summit 2021) ក្រោមការដឹកនាំ របស់ប្រទេសព្រុយណេ៕