អភិបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំពិភាក្សាពិនិត្យសម្រេចបើកឱ្យដំណើរការបង្រៀនឡើងវិញ


បាត់ដំបង​ ៖ នៅសាលប្រជុំសាលាខេត្ត រសៀលថ្ងៃ២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី០៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ពិនិត្យសម្រេច ការបើកឱ្យដំណើរការបង្រៀន និង រៀនជាបណ្ដុំសម្រាប់គ្រឹះស្ថានសាធារណៈ និងឯកជន ស្ថិតក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង ។

ឯកឧត្តម អភិបាលខេត្ត បានស្នើឱ្យអាជ្ញាធរក្រុង-ស្រុក និង អង្គភាពពាក់ព័ន្ទ ត្រូវកំណត់ភូមិសាស្រ្ត ដែលមានហានិភ័យទាប និង ភូមិសាស្ត្រ ដែលពុំមានការឆ្លងជំងឺកូវីដ-១៩ ដើម្បីជ្រើសរើសយកសាលាមត្តេយ្យ បឋម អនុវិទ្យាល័យ និងវិទ្យាល័យ ដាក់ឱ្យដំណើរការ ឡើងវិញបាន ដោយត្រូវរៀបចំយន្តការរៀន និងបង្រៀន ឱ្យបានច្បាស់លាស់ ដោយក្នុងមួយបន្ទប់អាចដាក់សិស្សបានតែ១៥នាក់ប៉ុណ្ណោះ ត្រូវឆ្លាស់វេនគ្នា រៀន សំដៅងាយស្រួលក្នុងការបង្រៀន និងការគ្រប់គ្រង។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ សុខាភិបាលខេត្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត អភិបាលក្រុង ស្រុក ទាំងអស់ទូទាំងខេត្ត​ព្រមទាំងអ្នកពាក់ ព័ន្ធមួយចំនួនទៀត ផងដែរ ៕