លោកជំទាវ ឱ វណ្ណឌីន រំលឹករឿងរ៉ាវឈឺចាប់ធ្លាប់ឆ្លងកាត់កាលពីជំនាន់ ប៉ុលពត គ្រាចុះប្រគល់អំណោយរបស់សម្ដេចតេជោ ជូនមនុស្សចាស់អាយុ១០០ឆ្នាំឡើង នាទីតាំងដែលធ្លាប់រស់នៅកាលពីជំនាន់នោះ


(កំពង់ធំ)៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ដែលជាមនុស្សម្នាក់ធ្លាប់ឆ្លងកាត់ និងរស់នៅក្នុងរបប ប៉ុលពត ដែរនោះ បានរំលឹកនូវរឿងរ៉ាវឈឺចាប់មួយចំនួន គ្រាកំពុងប្រគល់អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនលោកតា លោកយាយ អាយុ១០០ឆ្នាំឡើង នៅខេត្តកំពង់ធំ ទីដែលលោកស្រីធ្លាប់រស់នៅក្នុងជំនាន់នោះ។

លោកជំទាវ  ឱ វណ្ណឌីន នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ រួមដំណើរដោយលោកស្រី វេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានចុះបំពេញបេសកម្មការងារនៅខេត្តកំពងធំ ក្នុងគោលបំណង៣សំខាន់ៗ៖

* ទី១៖ នាំយកអំណោយសប្បុរសធម៏ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រគល់ជូនលោកយាយ លោកតា អាយុ១០០ឆ្នាំឡើង ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួច
* ទី២៖ ពិនិត្យការងារចូលរួមរបស់សហគមន៍នៅក្នុងការទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩
* ទី៣៖ ត្រួតពិនិត្យការងារចាក់វ៉ាក់សាំងកូវីដ-១៩។

ឆ្លៀតពេលដែលក្រុមការងារ គ.វ.ក-១៩ និងអង្គការសុខភាពពិភពលោក (WHO) ធ្វើដំណើរលើផ្លូវរអិលខ្លាំង ឆ្លងកាត់ភូមិខ្ជាយ តាមផ្លូវសំដៅទៅជួបលោកតា អាយុ១០១ឆ្នាំ នៅភូមិអន្លង់ក្រាញ់ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ដោយផ្លូវក៏រអិលពេកផងនោះ និងមានភ្លៀងបង្អោរជាបន្តបន្ទាប់ម្តងតិច ម្តងខ្លាំង និងឆ្លៀតពេលដែលភ្លៀងរៀងរាំងបន្តិច លោកជំទាវ ឱ វណ្ណឌីន បានសម្រេចចិត្តឈប់នៅត្រង់ចំណុចទីតាំងភូមិខ្ជាយ ស្រុកស្ទោង ដែលជាភូមិដែលលោកស្រី និងក្រុមគ្រួសារធ្លាប់បានរស់នៅក្នុងជំនាន់ ប៉ុល ពត។

អ្វីដែលលោកជំទាវ បានរំលឹកអនុស្សាវរីយ៍ដ៏ជូរចត់នាសម័យនោះ គឺកុមារី ឱ វណ្ណឌីន ដែលនៅវ័យកុមារក្មេងខ្ចីនៅឡើយនៅពេលនោះ បានរស់នៅទីនោះ ជាមួយក្រុមគ្រួសារ បានប្រហែលជាបួនខែប៉ុណ្ណោះ ក៏ត្រូវពួកដឹកនាំខ្មែរក្រហម បានបំបែកកុមារី ឱ វណ្ណឌីន ចេញពីក្រុមគ្រួសារទៅរស់នៅតែម្នាក់ឯង នៅក្នុងព្រៃជ្រៅពាសវាលពាសកាល គ្មានជម្រកពិតប្រាកដ និងចល័តរាល់ពេល ហើយជាតំបន់ដែលងាយរងនៅជំងឺគ្រុនចាញ់ជាទីបំផុត និងសំបូរដោយសត្វព្រៃសាហាវដូចជាខ្លា សត្វអសិរពិស ដូចជាពស់វែក ជាដើម ដោយមេកងចល័តបានបង្ខំឲ្យធ្វើការជាទម្ងន់ដូចមនុស្សធំដែរ ទោះជានៅពេលនោះលោកជំទាវ នៅជាកុមារីនៅឡើយក៏ដោយ។

កុមារីរូបនេះ រស់នៅព្រាត់ប្រាសគ្រួសារ រស់នៅក្នុងព្រៃម្នាក់ឯង នៅពេលនោះ រហូតដល់ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ទើបបានវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ដោយប្រថុយនឹងគ្រោះថ្នាក់ដើរបញ្ច្រាសទិសកងខ្មែរក្រហម ប្រថុយនឹងគ្រោះថ្នាក់ជីវិត សំដៅទៅរកភូមិខ្ជាយនេះវិញ ដើម្បីស្វែងរកជួបជុំក្រុមគ្រួសារវិញ។

ឆ្លៀតពេលនោះដែរ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន ក៏បានរៀបរាប់បង្ហាញណែនាំពីរបៀបដែលលោកជំទាវ រស់នៅក្នុងព្រៃនាពេលនោះ មានកម្មសិទ្ធិផ្ទាល់ខ្លួនតែសំពត់ និងអាវមួយសម្រាប់ ជាមួយនឹងកំប៉ុងទឹកដោះគោហ្គីហ្គូតែមួយគត់ ដែលអ្នកម្តាយលោកជំទាវ បានយកបានជាប់ខ្លួនពីរាជធានីភ្នំពេញ បានផ្តល់ឲ្យលោកជំទាវ មុនពេលបែកចេញពីអ្នកម្តាយ លោកឪពុក និងក្រុមគ្រួសារ ដើម្បីទុកដាក់បបររាវៗ ឬម្ហូបអាហារក្នុងព្រៃបរិភោគ សម្រាប់ការរស់នៅក្នុងកងចល័ត និងក្នុងព្រៃស្រោង (ទោះជាពេលនោះ លោកជំទាវ នៅជាកុមារីក្មេងខ្ចីក៏ដោយ ក៏គ្មានការអនុគ្រោះសោះឡើយ ហើយក៏មិនដឹងថា ត្រូវរស់នៅបែបណានៅពេលនោះក៏ដោយ)។

លោកជំទាវ  ឱ វណ្ណឌីន បានបង្ហាញផងដែរថា តើត្រូវធ្វើបែបណានៅពេលដែលស្រែកទឹក មិនមានទឹកសម្រាប់ពិសារ ពេលឃ្លានមិនមានម្ហូបសម្រាប់បរិភោគ និងបានបេះផ្លែដែលលោកជំទាវ បានរកឃើញក្នុងព្រៃតាមផ្លូវ និងត្រួយស្លឹកឈើដែលលោកជំទាវ បានបរិភោគកាលនោះ ដោយសារការស្រេកឃ្លានពេក ជូនលោកស្រី វេជ្ជបណ្ឌិត លី អាយលែន បានឃើញផ្ទាល់ និងបានភ្លក់សាកល្បងមើល រួមជាមួយលោកជំទាវ ក៏បានពិសារផងដែរ។

រស់ជាតិស្លឹកឈើ និងផ្លែក្នុងព្រៃដែលបានភ្លក់នៅពេលនេះ ហាក់បីដូចជាការបញ្ជាក់ជូនយ៉ាងច្បាស់ ដល់លោកស្រីតំណាងអង្គការសុខភាពពិភពលោក ឲ្យបានជ្រាបដែរថា កាលជំនាន់ ប៉ុល ពត គឺមនុស្សធ្វើអ្វីទាំងត្រដាបត្រដួស ហើយការស្រេកឃ្លាន អាហារជាខ្លាំងនៅពេលនោះ ដែលបង្ខំឲ្យមនុស្សទោះក្មេង ឬចាស់ ស្វែងរកអ្វីក៏ដោយឲ្យតែអាចបំពេញក្រពះបាន ត្រូវតែបរិភោគដើម្បីការរស់រានមានជីវិត ហើយដោយសារតែគុណូប្បការៈដែលមិនអាចកាត់ថ្លៃបាន និងមិនអាចបំភ្លេចបានរបស់គណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលបានរំដោះប្រទេសជាតិ និងជួយជីវិតប្រជាជនខ្មែរឲ្យរស់រានសារជាថ្មី រហូតដល់គ្រួសារនីមួយៗ មានហូបចុកសំបូរហូរហៀរ មានកម្មសិទ្ធិផ្ទាល់ខ្លួនត្រឹមត្រូវ សម្រាប់ការរស់នៅជីវភាពល្អប្រសើរ ព្រមទាំងសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍន៍ប្រទេសដូចបច្ចុប្បន្ននេះ។

គួរឲ្យសង្វេគណាស់នៅពេលនឹកឃើញការឈឺចាប់ និងភាពវេទនា បែបនេះម្តងៗ សំណាងមួយក្នុងរាប់សែនគ្រោះថ្នាក់ ដែលធ្វើឲ្យលោកស្រី ចងចាំមិនភ្លេចនោះ គឺថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ដែលជាថ្ងៃកំណើតទី២ ដែលបានធ្វើឲ្យរូបលោកជំទាវ បានរស់រហូតដល់ពេលនេះ និងមានភ័ព្វសំណាង បានធ្វើការបបម្រើរាស្ត្រ ដោយពេញចិត្តជាទីបំផុត ក្រោមដំបូលសុខសន្តិភាព និងក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត ដ៏អស្ចា្យរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានរុងរឿងបន្ថែមទៀត។

លោកជំទាវ រដ្ឋលេខាធិការ សូមគោរពជូនពរ សូមប្រជាជនកម្ពុជាទាំងអស់មានសេចក្តីសុខ សុខភាពល្អ និងចៀសផុតពីជំងឺកូវីដ-១៩ ព្រមទាំងរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ទាំងអស់គ្នា ដើម្បីបានវិលត្រឡប់ទៅរកការរស់នៅ តាមប្រក្រតីភាពថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩៕