កម្ពុជាបន្តគាំទ្រយ៉ាងពេញទំហឹងចំពោះយន្តការរួម ការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងតំបន់ត្រីកោណមាស


(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រាជរដ្ឋាភិបាលកម្ពុជា បន្តគាំទ្រយ៉ាងពេញទំហឹងចំពោះយន្តការរួម ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងតំបន់ត្រីកោណមាស ដោយរៀបចំ និងពង្រឹងនូវយន្តការ និងចាត់វិធានការយ៉ាងតឹងរឹងក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងតំបន់មេគង្គលើ និងតំបន់មេគង្គក្រោម រួមជាមួយតំបន់ពាក់ព័ន្ធដទៃទៀត សំដៅទប់ស្កាត់ឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការនាំសារធាតុគីមីផ្សំចូល និងការចរាចរគ្រឿងញៀន ចេញពីតំបន់ត្រីកោណមាស។

ការបញ្ជាក់បែបនេះរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានធ្វើឡើងនៅក្នុងឱកាសដែលឧបនាយករដ្ឋមន្រ្តី បានអញ្ជើញជាអធិបបតីភាពបើកកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់ នៃបណ្តាប្រទេសហត្ថលេខីលើអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ១៩៩៣ ស្តីពី «កិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន» នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ តាមរយៈប្រព័ន្ធវីដេអូ។

ដោយមានការចូលរួមពីសំណាក់ប្រធានប្រតិភូថ្នាក់មន្រ្តីជាន់ខ្ពស់ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមានការអញ្ជើញចូលរួមពីសំំណាក់បណ្តាប្រទេសហត្ថលេខីទាំង៦ នៃមហាអនុតំបន់ទន្លេមេគង្គរួមមាន៖ កម្ពុជា ចិន មីយ៉ាន់ម៉ា ឡាវ ថៃ វៀតណាម រួមនឹងឯកឧត្តម Jeremy Douglas តំណាងអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ដែលជាដៃគូដ៏មានសារៈសំខាន់ រួមទាំងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានលើកឡើងថា កម្ពុជាឯកភាព និងវាយតម្លៃខ្ពស់ចំពោះការយល់ឃើញថា «គ្មានសារធាតុគីមីផ្សំ គ្មានគ្រឿងញៀន» ហើយកម្ពុជា ក៏បាននឹងកំពុងដាក់ចេញនូវវិធានការ និងសកម្មភាពជាក់ស្តែងមួយចំនួនក្នុងការចូលរួមទប់ស្កាត់ឱ្យមានប្រសិទ្ធភាពបំផុត ក្នុងការបង្វែរសារធាតុគីមីផ្សំពីសកម្មភាពស្របច្បាប់ទាំងក្នុងផ្ទៃប្រទេស និងនាំទៅកាន់តំបន់ផ្សេងៗ ក៏ដូចជាការចូលរួមអនុវត្តឱ្យបានពេញលេញ នូវផែនការសកម្មភាពអនុតំបន់១១ ដែលបានដាក់ចេញកន្លងមក។

ក្នុងន័យនេះ ឆ្លើយតបទៅនឹងស្ថានភាពដូចខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានស្នើសុំកិច្ចបប្រជុំទាំងមូល ពិសេសអង្គការ យូ អិន អូ ឌី ស៊ី ពិនិត្យពិភាក្សាលើការកែសម្រួល និងរៀបចំផែនការសកម្មភាពអនុតំបន់ឱ្យ មានភាពសមស្រប និងឆ្លើយតបផ្តោតលើទិដ្ឋភាពនៃបច្ចុប្បន្នភាពដូចខាងក្រោម៖

*ទី១៖ ដោយការបន្តឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ គួរបង្វែរសកម្មភាពជាទ្រឹស្តី មកជាការអនុវត្តជាក់ស្តែង តាមរយៈការផ្តល់ថវិកា មធ្យោបាយ សម្ភារៈ និងការត្រួតពិនិត្យវាយតម្លៃ។

*ទី២៖ ពិនិត្យ និងវាយតម្លៃពីបញ្ហាជាក់ស្តែង ដែលនៅតែអាចផ្តល់ឱកាសឱ្យក្រុមឧក្រិដ្ឋជន អាចបង្វែរ និងនាំសាធារគីមីទៅកាន់តំបន់ត្រីកោណមាស និងធ្វើការផលិតគ្រឿងញៀនបានទៅតាមតំបន់នានា។

*ទី៣៖ បញ្ហាជាក់ស្តែង និងបច្ចុប្បន្នភាពបំផុត គឺការផលិត ការកែច្នៃ និងការប្រើប្រាស់គ្រឿងញៀន ក្នុងប្រទេសនីមួយៗ និងតំបន់ទាំងមូលមានការកើនឡើង។ ដូច្នេះ តើយើងត្រូវរៀបចំ កែសម្រួលផែនការសកម្មភាពអនុតំបន់របស់យើងបែបណា? ទាំងនេះ គឺជាបញ្ហាខ្លះៗ ដែលខ្ញុំស្នើកិច្ចប្រជុំរបស់យើងគួរពិនិត្យ ពិភាក្សា និងពិចារណា»។

បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវ និងស្នើដល់សហគមន៍អន្តរជាតិ អង្គការ យូអិនអូឌីស៊ី និងបណ្តាប្រទេសដៃគូអភិវឌ្ឍន៍ ព្រមទាំងបប្រទេសពាក់ព័ន្ធទាំងអស់ សូមបន្តផ្តល់នូវកិច្ចសហការចូលរួម និងគាំទ្រដំណើរការអនុវត្តន៍ផែនការសកម្មភាពអនុតំបន់របស់យើងឱ្យដំណើរការបានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ព្រោះថាការរួមចំណែក និងការគាំទ្រពីបណ្តាប្រទេសដៃគូអភិវឌ្ឍន៍ក្នុង ការអនុវត្តន៍ផែនការសកម្មភាពនេះ គឺមិនត្រឹមតែជួយទប់ស្កាត់ និងកាត់បន្ថយនូវការគំរាមកំហែងពីគ្រឿងញៀនសម្រាប់តែប្រទេសក្នុងតំបន់នេះប៉ុណ្ណោះទេ ប៉ុន្តែ ក៏បានទប់ស្កាត់នូវការចរាចរ និងការផលិតគ្រឿងញៀនពីតំបន់ត្រីកោណមាស ទៅកាន់តំបន់ផ្សេងៗ ក្នុងពិភពលោក ស្របតាមស្មារតីនៃការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នា ដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំ យូ អិន ហ្គាស (UNGASS) កន្លងមក និងឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ សហសវត្សរ៍ប្រកបដោយចីរភាពផងដែរ។

សូមជម្រាបថា ក្នុងឆមាសទី១ ឆ្នាំ២០២១ កន្លងមកនេះ អ្នកញៀនគ្រឿងញៀន ដែលសមត្ថកិច្ចគ្រប់គ្រងបានចំនួន១១,២១៧នាក់ អ្នកដែលបានទទួលសារអប់រំបញ្ហាគ្រឿងញៀន ចំនួន ១,១៣៣,៦៣៤នាក់ ការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន៣,២៥៨ករណី រឹបអូសគ្រឿងញៀនសរុបបាន ៨៥១គីឡូក្រាម ដែលក្នុងនោះករណីបទល្មើសគ្រឿងញៀនធំៗមួយគីឡូក្រាមឡើងមានចំនួន ៣៨ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន ៧,២៥៩នាក់៕