ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន និងលោកជំទាវ បានអញ្ជើញចុះអប់រំផ្សព្វផ្សាយ និងផ្តល់អំណោយជូន ដល់ចាស់ជរា និងអ្នករងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល


ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២ ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល អនុប្រធានសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ បានអញ្ជើញចុះអប់រំ ផ្សព្វផ្សាយនិងផ្តល់អំណោយចំនួន ២៧ កញ្ចប់ ដល់ចាស់ជរា និងអ្នករងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល ។ ពិធីនេះក៏មានការចូលរួមពី ឯកឧត្តម
សុះ ហ្វាសុី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា លោកជំទាវ យូសុះ អាលីយ៉ា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ លោក ឡេះ ម៉ាន់សូរី សមាជិកក្រុមប្រឹក្សាស្រុកមុខកំពូល សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកមុខកំពូល និងក្រុមការងារ ។
ឯកឧត្តមបានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំសស្រាក់សស្រាំ ប្រកបដោយស្មារតីបុរេសកម្មក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមរយៈការដាក់ចេញទាំងវិធានការរដ្ឋបាល និងវិធានការសុខាភិបាលជាច្រើន ដើម្បីកាត់ផ្តាច់នូវខ្សែច្រវ៉ាក់ចម្លង និងកាត់បន្ថយការឆ្លងទាន់ពេល សំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន។ រាជរដ្ឋាភិបាលបានកំណត់យកការចាក់វ៉ាក់សាំងជាវិធានការយុទ្ធសាស្ត្រគន្លឹះ ដើម្បីកាត់បន្ថយករណីឆ្លង និងឈឺធ្ងន់ ពិសេសបង្កើនភាពស៊ាំសហគមន៍ ជាកត្តាជំរុញការធានាបាននូវការវិលត្រឡប់ឱ្យបានឆាប់រហ័សទៅរក “ការរស់នៅតាមបែបគន្លងថ្មី ឬប្រក្រតីភាពថ្មី”នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងកិច្ចដំណើរការនៃសង្គម-សេដ្ឋកិច្ច។

ឯកឧត្តមបន្តថា អំណោយទាំងនេះសម្រាប់ជួយដោះស្រាយជីវភាពប្រចាំថ្ងៃបានមួយរយៈពេល ពិសេសសម្រាប់អ្នកខ្វះខាត និងប៉ះពាល់មុខរបរផ្សេងៗ សំដៅចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយការលំបាកក្នុងគ្រាមានអាសន្ន ។

អំណោយដែលបានផ្តល់ជូន រួមមាន អង្ករ៤០៥ គីឡូក្រាម មីចំនួន ៩កេស អំបិល ២៧គីឡូក្រាម ប្រេងឆា ២៧ដប ត្រីខ ចំនួន ៨១កំប៉ុង ទឹកត្រី ចំនួន ១០៨ដប ។