នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យអនុព័ន្ធយោធាចិនទើបបញ្ចប់អាណត្តិ ចូលជួបសម្តែងការគួរសម និង ជម្រាបលា


នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១០ កញ្ញា ឆ្នាំ២០២១ បានទទួលជួបលោក វរសេនីយ៍ឯកពិសេស លី ជីងហ្វេង អនុព័ន្ធ យោធាសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ដែល ត្រូវ បញ្ចប់ អាណត្តិ ចូល ជួប សម្តែង ការ គួរ សម និងជម្រាប លា ។

ក្នុងឱកាសនោះ លោក វរសេនីយ៍ឯកពិសេស លី ជីងហ្វេង បានសម្ដែងនូវការអរគុណចំពោះថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទដែលក្នុងរយៈពេលជិត ២ ឆ្នាំមកនេះ បានផ្ដល់នូវការគាំទ្រ និងកិច្ចសហប្រតិបត្តិការល្អ ធ្វើឲ្យការបំពេញបេសកម្មកាទូតរបស់លោកទទួលបានជោគជ័យ និងទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។

ជាកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ពីចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី រវាងកម្ពុជា-ចិន ដែលមានពីយូរលង់មកហើយ ហើយរហូតមកដល់បច្ចុប្បន្ននេះ ប្រទេសទាំងពីរនៅតែមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នា ជាពិសេសនៅគ្រប់គ្រាលំបាក ប្រទេសទាំងពីរតែងមានទំនាក់ទំនងជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណដល់សាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយផ្ដល់វ៉ាក់សាំងការពារកូវីដ១៩ រួមទាំងថ្នាំពេទ្យ គ្រឿងសម្ភារៈ បរិក្ខារច្រើនទៀត ដើម្បីប្រយុទ្ធទប់ទល់ការរីករាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។

លើវិស័យយោធា នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអរគុណចំពោះកងទ័ពប្រជាជនចិន ដែលបានជួយផ្គត់ផ្គង់មធ្យោបាយសម្ភារៈការពារអាកាស លំហរសមុទ្រ ការជួយពង្រឹងសមត្ថភាកងកម្លាំងមួកខៀវកម្ពុជាដែលទៅបំពេញបេសកកម្មការដោះមីននៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ក៏ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ការកសាងសាលាហ្វឹកហ្វឺន ការបណ្ដុះបណ្ដាលធនធានមនុស្សទាំងក្នង និងក្រៅប្រទេស ពិសេសសមយុទ្ធរួមគ្នាកន្លងមក ធ្វើឱ្យមានការផ្លាស់ប្ដូរបទពិសោធន៍ និងបង្កើនបាននូវសមត្ថភាពកងទ័ពប្រទេសទាំងពីរ។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានជូនពរដល់លោកវរសេនីយ៍ឯកពិសេស លី ជីងហ្វេង សូមឲ្យទទួលបានជោគជ័យថ្មីៗថែមទៀតនៅក្នុងភារកិច្ចថ្មី ហើយមានជំនឿជាក់ថា ចិននៅតែបន្តជួយដល់កម្ពុជា ក្នុងនាមជាមិត្តដែកថែប និងមានទំនាក់ទំនងភាពជា ដៃគូ យុទ្ធសាស្ត្រ គ្រប់ ជ្រុងជ្រោយ៕