KOICA ប្រគល់រថយន្ត៣គ្រឿង ដល់ក្រសួងសុខាភិបាល និងមន្ទីសុខាភិបាលខេត្តរតនគិរី និងខេត្តមណ្ឌលគិរី


ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ បានផ្តល់រថយន្តចំនួន៣គ្រឿង ជូនក្រសួងសុខាភិបាល និងមន្ទី សុខាភិបាលខេត្តរតនគិរី និងខេត្តមណ្ឌលគិរី តាមរយៈគម្រោងពង្រឹងសុខភាពមាតា និងទារកនៅភាគឥសាននៃប្រទេសកម្ពុជា។

ពិធីប្រគល់-ទទួលបានបានធ្វើឡើងនៅទីស្តីការក្រសួងសុខាភិបាល ក្រោមអធិបតីភាពលោក អេង ហ៊ួត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោក Rho Hyunjun នាយកទីភ្នាក់ងារ KOICA ប្រចាំប្រទេសកម្ពុជា និងបានប្រគល់ទៅកាន់ក្រុមការងារគម្រោងប្រចាំក្រសួង និងក្រុមការងារគម្រោងប្រចាំខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។

រថយន្តទាំងនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការត្រួតពិនិត្យ និងការធ្វើអភិបាលការអនុវត្តគម្រោង ជាពិសេសការងារបណ្តុះបណ្តាលនៅតំបន់ដាច់ស្រយាល។ គម្រោងពង្រឹងសុខភាពមាតា និងទារកនៅភាគឥសាននៃប្រទេសកម្ពុជាមានរយៈពេល៤ឆ្នាំ (២០១៩ ២០២៣) ដែលត្រូវបានអនុវត្តក្រោមជំនួយឥតសំណង របស់សាធារណៈរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារ KOICA ក្នុងថវិកាប្រមាណជា ៧លានដុល្លាសហរដ្ឋអាមេរិច។

គម្រោងនេះត្រូវបានអនុវត្តក្នុងខេត្តរតនគីរី និងមណ្ឌលគីរី ដែលមានគោលបំណង ដើម្បីធ្វើឲ្យប្រសើរឡើងនូវសុខភាពមាតានិងទារក តាមរយៈការធ្វើឲ្យល្អប្រសើរ នូវគុណភាព និងការទទួលសេវាសុខភាពមាតានិងទារក។

គម្រោងនេះមានផ្នែកសំខាន់ៗរួមមាន៖ ការកសាងសមត្តិភាពចំពោះបុគ្គលិកសុខាភិបាល, ការធ្វើឲ្យល្អប្រសើរ ឡើងនូវមូលដ្ឋានសុខាភិបាល, ការពង្រឹងសេវាផ្សព្វផ្សាយសម្រាប់តំបន់ដាច់ស្រយ៉ាល និងកាលើកកំពស់ចំណេះដឹងសហគមន៍។ គម្រោងនេះបានផ្តល់ជាមធ្យោបាយ ធ្វើដំណើរនានាដូចជាកាណូត និងម៉ូតូទៅដល់មណ្ឌលសុខភាព និងទៅដល់សហគមន៍ដែលងាយរងគ្រោះ។

គម្រោងពង្រឹងសុខភាពមាតា និងទារកនៅភាគឥសាននៃប្រទេសកម្ពុជានេះ នៅឆ្នាំ២០២២ខាងមុខនេះ ក៏មានផែនការផ្តល់ជារថយន្តសង្គ្រោះបន្ទាន់ និងសំភារៈវេជ្ជ សាស្រ្ត សំខាន់ៗមួយចំនួនទៅកាន់មូលដ្ឋានសុខាភិបាលខេត្តរតនៈគិរី និងមណ្ឌលគិរី។ ក្រៅពីជំនួយខាងលើទីភ្នាក់ងា KOICA នឹងផ្តល់រថយន្តសង្គ្រោះបន្ទាប់ចំនួន១០គ្រឿង និង ឧបករណ៍តេស្ត៍រហ័សរកមេរោគកូវីដប្រមាណជា១០ម៉ឺនប្រអប់ ដើម្បីប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជា ហើយយ៉ាងតិច៥០% នៃជំនួយនេះ នឹងត្រូវបានផ្តល់ទៅកាន់ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី៕