កិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យលើដំណើរការបិទខ្ទប់និងល្បាតត្រួតពិនិត្យលើការអនុវត្តវិធាន​ការរដ្ឋបាល និងវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រក្រុងសៀមរាប


នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះរដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យលើដំណើរការបិទខ្ទប់ និងល្បាតត្រួតពិនិត្យលើការអនុវត្តវិធានការរដ្ឋបាល និងវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រក្រុងសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា ក្រុមការងារ ដែលជាអភិបាលរងខេត្ត, ថ្នាក់ដឹកនាំស្ថាប័នក្នុងខេត្ត, នាយក នាយករងរដ្ឋបាលសាលាខេត្ត , នាយក-នាយករងទីចាត់ការសាលាខេត្ត, អភិបាលក្រុង, មេបញ្ជាការ មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធ, ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ, នាយប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ និងចៅសង្កាត់ទាំង១២ ក្នុងក្រុងសៀមរាប ប្រមាណជិត១០០នាក់ បានចូលរួម ដែលកិច្ចប្រជុំនេះ រៀបចំឡើងតាមប្រព័ន្ធវីដេអូ Zoom។ របៀបវារ: នៃកិច្ចប្រជុំនេះ មានចំនួន៦ គឺ៖

១- មតិបើកអង្គប្រជុំដោយឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប។  ២- របាយការណ៍ របស់មានបញ្ជាការនឹកនាំបញ្ជានិងគ្រប់គ្រងអនុវត្ត តំបន់បិទខ្ទប់ ( បីជំនាញ )។  ៣- របាយការណ៍ របស់ក្រុមការងារស្រាវជ្រាវ។  ៤- របាយការណ៍ របស់លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប ។ ៥- មតិចូលរួម របស់សមាជិក សមាជិកាក្នុងអង្គប្រជុំ ៦- អនុសាសន៍ និងមតិបិទអង្គប្រជុំដោយ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប។

សូមជម្រាបជូនថា នេះជាកិច្ចប្រជុំរបស់ក្រុមការងារដឹកនាំបញ្ជា គ្រប់គ្រង និងសម្របសម្រួលការអនុវត្តការងារ ក្នុង ” តំបន់លឿងទុំ ” នៅក្នុងភូមិសាស្ត្រក្រុងសៀមរាប ខេត្តសៀមរាប។ ក្នុងកិច្ចប្រជុំនេះ មានគោលបំណងត្រួតពិនិត្យលើដំណើរការបិទខ្ទប់ និងល្បាតត្រួតពិនិត្យលើការអនុវត្តវិធានការរដ្ឋបាល ក្នុងភូមិសាស្ត្រក្រុងសៀមរាប ដែលបានអនុវត្ត រយ:ពេលពីរថ្ងៃកន្លងមកនេះ។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប ចេញសេចក្តីសម្រេចការកំណត់ជា “តំបន់លឿងទុំ” និងបិទខ្ខ្ទប់ នៅក្នុងភូមិសាស្ត្រ ក្រុង ខេត្តសៀមរាប រយ:ពេល ៧ថ្ងៃ កាលពីថ្ងៃទី១១ ខែកញ្ញា ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ដោយគិតចាប់ពីវេលាម៉ោង២៣.៥៩នាទី ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩៕