ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលក៏ដូចជាការពញ្ញាក់ស្មារតីក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩នៅក្នុងរដូវកាន់បិណ្ឌ ឬភ្ជុំបិណ្ឌនេះ គណៈកម្មការទី៧រដ្ឋសភាបានស្នើឱ្យក្រសួងធម្មការ និងសាសនា ពិនិត្យមើលតាមវត្តអារាមទូទាំងប្រទេសដាក់បដា “ចូលរួមអបអរសាទរពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ព្រមទាំងជំរុញឱ្យប្រជាពលរដ្ឋបន្តអនុវត្តន៍វិធានការ ៣ការពារ ៣កុំ” ដើម្បីទប់ស្កាត់រីកឆ្លងរីករាលដាលជំងឺកូវីដ១៩។ នេះគឺជាការលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧) ក្នុងឱកាសបើកកិច្ចប្រជុំជាមួយ ឯកឧត្ដម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា តាមរយៈប្រព័ន្ធ Zoom នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។
ការបើកកិច្ចប្រជុំនេះ ក្នុងគោលបំណង ស្តាប់ដោយផ្ទាល់នូវវឌ្ឍនភាពការងារអនុវត្តន៍ច្បាប់ គោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដែលសម្រេចបានដោយក្រសួងធម្មការ និងសាសនា ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលលើវិស័យធម្មការ និងសាសនា។ ផ្តល់ជាវេទិកាពិភាក្សាផ្លាស់ប្តូរមតិយោបល់ ធាតុចូល និងឈ្វេងយល់បន្ថែមពីបញ្ហាប្រឈម និងសំណូមពរនានាក្នុងវិស័យធម្មការ និងសាសនា និងផ្តល់ឱកាសឱ្យគណៈកម្មការទី៧ អាចជម្រាបជូនក្រសួងដោយផ្ទាល់ នូវសំណូមពរ ពីមូលដ្ឋានទាក់ទងនឹងវិស័យធម្មការ និងសាសនា ដែលគណៈកម្មការបានទទួល ក្នុងដំណើរបេសកកម្ម ២៥ រាជធានី-ខេត្ត ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅផងដែរ។
ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារកន្លងមករបស់ក្រសួងធម្មការ និងសាសនា ក្នុងការដឹកនាំ គ្រប់គ្រងវិស័យធម្មការ និងសាសនា ដោយធានាបាននូវការថែរក្សា និងលើកតម្កើងព្រះពុទ្ធសាសនា ក៏ដូចជាសមិទ្ធផលនានាក្នុងវិស័យពុទ្ធចក្រ និងការជំរុញលើកកម្ពស់សុខដុមនីយកម្ម សាសនា និងការប្រតិបត្តិជំនឿរបស់ប្រជាពលរដ្ឋទូទាំងប្រទេសបានយ៉ាងល្អប្រសើរ។ ឯកឧត្តម ប្រធានគណៈកម្មការ ក៏បានលើកឡើងពីការយកចិត្តទុកដាក់ជាបន្តបន្ទាប់របស់គណៈកម្មការទី៧ ក្នុងនាមសេនាធិការជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាលើការពិនិត្យ តាមដាន ការអនុវត្ត និងកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់ក្រសួងធម្មការ រួមមានការងាររៀបចំគោលការណ៍ប្រតិបត្តិនានាសម្រាប់ទប់ស្កាត់វិបត្តិជំងឺកូវីដ-១៩ ក្នុងឱកាសនៃការឈានមកដល់នៃរដូវភ្ជុំបិណ្ឌ (សម្រាប់រយៈពេលខ្លី) និងការប្រតិបត្តិសាសនាទូទៅ (សម្រាប់រយៈពេលវែង និងសម្រាប់គ្រប់សាសនា)។
ជាមួយគ្នានេះ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានបង្ហាញនូវរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពការងាររបស់ក្រសួង បញ្ហាប្រឈម ក៏ដូចជាទិសដៅការងារបន្ទាប់ ក្នុងការបំពេញភារកិច្ចដឹកនាំ និងគ្រប់គ្រងសាសនាទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា និងជាពិសេសការយកចិត្តទុកដាក់លើព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋជូនដល់អង្គប្រជុំ។ ឯកឧត្ដមបានធ្វើការកត់សំគាល់នូវភារកិច្ចជាអាទិភាពនានារបស់ក្រសួង ដែលក្នុងនោះ រួមមានការលើកទឹកចិត្តឱ្យសាសនាទាំងអស់ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ជំរុញវត្តអារាម និងវិហារសាសនានានាឱ្យក្លាយជាមជ្ឈមណ្ឌលអប់រំខាងផ្នែកស្មារតី សីលធម៌ វប្បធម៌ និងសង្គមកិច្ច ក៏ដូចជាការរក្សាឱ្យបាននូវសុខដុមនីយកម្ម និងសេរីភាពខាងជំនឿសាសនាទាំងអស់ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានបង្ហាញផងដែរពីបញ្ហាប្រឈមនានា ក្នុងការអនុវត្តការងារ ជាពិសេសក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ-១៩។
ជាការឆ្លើយតប ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីទ្បា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភាបានសម្ដែងនូងការកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ជាពិសេសចំពោះការដាក់ចេញវិធានការជាបន្តបន្ទាប់នាពេលកន្លងមក ក្នុងការចូលរួមចំណែកទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ជាពិសេសការជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ព្រះសង្ឃទូទាំងប្រទេស។ ទន្ទឹមនឹងនេះ ឯកឧត្ដមក៏បានកត់សម្គាល់ផងដែរនូវបញ្ហាប្រឈមនានារបស់ក្រសួង បន្ថែមពីបញ្ហាប្រឈមមួយចំនួនផ្សេងទៀត ដែលគណៈកម្មការបានឈ្វេងយល់ តាមរយៈការចុះបេសកកម្ម និងជួបប្រជុំដោយផ្ទាល់ជាមួយប្រធានមន្ទីរធម្មការ និងសាសនា ទាំង២៥ រាជធានី-ខេត្ត នាពេលកន្លងទៅ។
ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ជាក់ស្តែង នៅក្នុងកាលៈទេសៈនៃការឆ្លង រីករាលដាលនៃជំងឺកូវីដ-១៩នេះ ក្រសួងត្រូវបន្តសហការឱ្យបានស្អិតរមួតជាមួយអាជ្ញាធរមូលដ្ឋាន តាមរយៈមន្ទីរជំនាញ ដើម្បីជំរុញអនុវត្តន៍នូវវិធានការនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលជាប្រចាំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមវត្តអារាម សារាវ ស្នាក់ការថ្វាយបង្គំ និងកន្លែងប្រតិបត្តិជំនឿសាសនានានា និងជាពិសេសក្នុងឱកាសបុណ្យទានផ្សេងៗ មិនត្រឹមតែកម្មវិធីបុណ្យភ្ជុំបិណ្ឌ ឬកឋិនទានខាងមុខនោះទេ។ ឯកឧត្តមបន្ថែមគណៈកម្មការទី៧ នៃរដ្ឋសភាក៏សូមលើកទឹកចិត្តខ្ពស់ចំពោះក្រសួងឱ្យបន្តផ្សព្វផ្សាយ និងជំរុញការចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់មន្រ្តីក្រោមឱវាទ និងព្រះសង្ឃ ដូនជី តាជី រួមទាំងគណៈកម្មការអាចារ្យវត្ត និងជាពិសេសត្រូវបន្តយកចិត្តទុកដាក់ និងខិតខំបន្តអនុវត្តន៍នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលលោកតែងតែជំរុញឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខរបស់ព្រះសង្ឃនៅតាមវត្តអារាម និងមន្រ្តីរាជការ តាមរយៈការផ្តល់នូវអាទិភាពនានាក្នុងការទទួលបាននូវវ៉ាក់សាំងទាន់ពេលវេលា ក៏ដូចជាការបន្តបើកប្រាក់បៀវត្សរ៍ឱ្យបានទៀងទាត់ ទោះក្នុងកាលៈទេសៈលំបាកនេះក្តី។
បើតាមគណៈកម្មការទី៧នៃរដ្ឋសភា ដើម្បីជាការចូលរួមចំណែកក្នុងការជំរុញការយល់ដឹង និងបង្កើនការប្រុងប្រយ័ត្នពីគ្រោះថ្នាក់នៃជំងឺកូវីដ-១៩ ក្នុងពេលបុណ្យទានតាមទំនៀមសាសនា និងជាពិសេសពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌខាងមុខនេះ គណៈកម្មការទី៧ នឹងផ្តល់ជូនក្រសួងនូវបដា (Banner) ដើម្បីដាក់ចងនៅតាមបណ្តាវត្តអារាមនានាទូទាំង២៥ រាជធានី-ខេត្តក្រោមពាក្យស្លោក “ចូលរួមអបអរសាទរពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ព្រមទាំងជំរុញឱ្យប្រជាពលរដ្ឋបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ”៕


