ឯកឧត្តម ហ៊ុន ម៉ានី នាំអំណោយជូនកងកម្លាំងទាំង៣ប្រភេទ នៅខេត្តកំពង់ស្ពឺ និងសម្ភារប្រយុទ្ធប្រឆាំងកូវីដ១៩ ជូនមន្ទីរសុខាភិបាលខេត្ត


(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺទាំង៦រូប ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី បាននាំយកអំណោយផ្តល់ជូនកងកម្លាំងកំពុងឈរជើងនៅខេត្តកំពង់ស្ពឺរួមមាន៖ ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹងរងខេត្ត និងបញ្ជាការដ្ឋានការពារកោះឆ្នេរ ដែលបានប្រព្រឹត្តទៅនៅក្នុងបរិវេណសាលាខេត្តកំពង់ស្ពឺ។ អំណោយទាំងនេះរួមមាន៖ អង្ករ មី ត្រីខ ទឹកសុទ្ធ ម៉ាស និងថវិកាមួយចំនួន។

ឯកឧត្តម  ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះកងកម្លាំងទាំងអស់ នៃខេត្តកំពង់ស្ពឺ ចំពោះការលះបង់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចការពារជាតិ ប្រជាជន រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ជួយសង្រ្គោះជីវិតពីគ្រោះធម្មជាតិនានាកន្លងមក មិនថាក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ឬដំណាក់កាលផ្សេងទេ គឺកងកម្លាំងទាំងអស់មានបេសកកម្មយ៉ាងសំខាន់សម្រាប់ជាតិ។

ជាមួយគ្នានេះ ក្នុងនាមតំណាងរាស្ត្រទំង៦រូប លោកក៏បាននាំមកនូវសម្ភារវេជ្ជសាស្រ្តរួមមាន៖ ម៉ាស៉ីនបង្កើតអុកស៉ីហ្សែន អាល់កុល និងទឹកសុទ្ធ សម្រាប់ប្រើប្រាស់ក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ជូនមន្ទីរសុខាភិបាលផងដែរ។

ថ្លែងជំនួសមុខឱ្យកងកម្លាំងប្រដាប់អាវុធ និងមន្ទីរសុខាភិបាល ដែលទទួលបានអំណោយក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានថ្លែងអំណរគុណដល់អ្នកតំណាងរាស្រ្តទាំង៦រូប ដែលតែងតែបានផ្តល់ជំនួយ ជាបន្តបន្ទាប់ដល់បងប្អូនជាមន្រ្តីរាជការ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋរងគ្រោះមិនមានដាច់។ ក្នុងកាយវិការដ៏ប្រពៃនៃតំណាងរាស្រ្តទាំងអស់នេះ ពិតជាបានផ្តល់នូវភាពកក់ក្តៅ និងសេចក្តីសុខដល់ប្រជាពលរដ្ឋស័ក្តិសមទៅនឹងជំនឿជាក់ និងទំនុកទុកចិត្តរបស់ពួកគាត់ ដែលបានផ្តល់ជូនតាមរយៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ក្នុងពេលកន្លងទៅ។

ជានិច្ចជាកាល តំណាងរាស្រ្តខេត្តកំពង់ស្ពឺ តែងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺនិយាយជារួម និងដល់កងកម្លាំង ក្រុមគ្រូពេទ្យនិយាយដោយឡែកដែលកំពុងឈរជើងប្រចាំការ ប្រយុទ្ធនឹងជំងឺឆ្លងកាចសាហាវកូវីដ១៩។ បើទោះជាស្ថានភាពជំងឺកូវីដ១៩ នៅក្នុងខេត្តកំពង់ស្ពឺ កំពុងស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន តែក្រុមការងារទាំងអស់នៅបន្តការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ដោយបន្តតាមដានជាប់ជាប្រចាំ។

សូមបញ្ជាក់ថា ក្នុងកាយវិការគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ និងកងកម្លាំង កាលពីពេលថ្មីៗឯកឧត្តម ហ៊ុន ម៉ានី និងក្រុមការងារបាននាំយកសម្ភារ ស្បៀងអាហារចាំបាច់ជាច្រើនលើកសម្រាប់ផ្តល់ជូនក្រុមគ្រូពេទ្យ កងកម្លាំង ប្រជាពលរដ្ឋរងផលប៉ះពាល់ និងអ្នកធ្វើចត្តាឡីស័កជាដើម។ ក្នុងនោះ ឯកឧត្តមក៏បានឧបត្ថម្ភ និងចូលរួមរៀបចំមណ្ឌលព្យាបាលអ្នកជំងឺកូវីដ មជ្ឈមណ្ឌលពន្លឺថ្មី ដែលមានទីតាំងនៅឃុំត្រពាំងគង ស្រុកសំរោងទងផងដែរ។

អំណោយដែលត្រូវផ្តល់ជូនមាន ស្នងការនគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត ក្នុងមួយអង្គភាពទទួលបាន៖ ថវិកាចំនួន៥លានរៀល, អង្ករចំនួន៥តោន, ទឹកបរិសុទ្ធចំនួន២០០កេស, ត្រីខចំនួន១០កេស, មីចំនួន១០កេសធំ, ម៉ាស់ចំនួន១០,០០០ម៉ាស់ និងបានផ្តល់ជូនមន្ទីរសុខាភិបាលមាន ម៉ាស៉ីនអុកស៉ីហ្សែនចំនួន២គ្រឿង, អាកុលចំនួន៥០០លីត្រ និងទឹកបរិសុទ្ធចំនួន២០០កេស៕