ពលរដ្ឋជាង១០០គ្រួសារ សាទរចំពោះអភិបាលខេត្តកណ្តាល ធ្វើចំណាត់ការលើអ្នកឈូសឆាយផ្ដាច់ផ្លូវសាធារណៈ


នៅ ថ្ងៃ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១ ប្រជាពលរដ្ឋប្រមាណជាង១០០គ្រួសារ មកពីភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានសុំ អន្តរាគមន៍ពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ដើម្បីជួយដោះស្រាយបញ្ហាពាក់ព័ន្ធទៅនឹងករណី មានជនខិលខូច បានយកគ្រឿងចក្រមកកាយ និងឈូសឆាយផ្ដាច់ផ្លូវសាធារណៈមួយកន្លែង ស្ថិតនៅចំណុចផ្លូវកំពង់រទេះ ក្នុងភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ។

 

លោក សុខ ពិសិដ្ឋ អភិបាលរងស្រុកកៀនស្វាយបានឱ្យដឹងថា រដ្ឋបាលស្រុក បានចាត់ក្រុមការងារស្រុក ចុះពិនិត្យ អង្កេត ឃើញថា ផ្លូវ១ខ្សែដែលប្រជាពលរដ្ឋបានស្នើសុំជួយអន្តរាគមន៍ គឺពិតជាផ្លូវសាធារណៈ ដែលប្រជាពលរដ្ឋបានប្រើប្រាស់តាំងពីបុរាណមក។ រដ្ឋបាល ស្រុក ធ្លាប់បានកោះហៅអ្នកដែលបានប្រព្រឹត្តនោះ មកដោះស្រាយ ០២លើកមកហើយ ប៉ុន្តែគាត់ពុំដែលបានមកចូលរួម ដោះស្រាយ នោះទេ។

ក្នុងកិច្ចសម្របសម្រួលនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានប្រគល់ភារកិច្ចជូនរដ្ឋបាលស្រុកកៀនស្វាយ ត្រូវជូន ដំណឹងដល់អ្នកដែលបានប្រព្រឹត្តនោះទុកពេលឱ្យជួសជុលធ្វើផ្លូវដែលបានកាយនោះឡើងវិញ ក្នុងរយៈពេល ១០ថ្ងៃជាកំណត់។ ក្នុងករណីមិនអនុវត្តន៍តាមនោះ រដ្ឋបាលខេត្ត នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ។

ពាក់ព័ន្ធនឹងចំណាត់ការរបស់ឯកឧត្តមអភិបាលខេត្ត ប្រជាពលរដ្ឋជាង ១០០គ្រួសារ បានសម្ដែងនូវការអបអរសាទរ និងថ្លៃអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដែលបានយកចិត្តទុកដាក់ និងគិតគូរជួយដោះស្រាយជូន ពួកគាត់ ដែលនេះសបញ្ជាក់ឱ្យឃើញថា អាជ្ញាធរខេត្តកណ្ដាល គឺជាអ្នកបម្រើប្រជាពលរដ្ឋ និងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន៕