ទេសរដ្ឋមន្ត្រី គន់ គីម៖ រាជរដ្ឋាភិបាលត្រៀមលក្ខណៈគ្រប់គ្រាន់ សម្រាប់ប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ


ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់កម្លាំងប្រតិបត្តិការ និងគ្រឿងសម្ភារនានា ក្នុងការសង្គ្រោះគ្រោះមហន្តរាយទឹកជំនន់ ក៏ដូចជាគ្រោះមហន្តរាយនានា។

ក្នុងពិធីប្រគល់សម្ភារ និងគ្រឿងបំពាក់ដល់កងប្រតិបត្តិការ និងសង្គ្រោះគ្រោះមហន្តរាយ ជូនកងពលតូចអន្តរាគមន៍លេខ១៤ នាព្រឹកថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ទៅលើការងារគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានការវិវឌ្ឍក្នុងសភាពកាន់ស្រួចស្រាវពីមួយឆ្នាំទៅមួយឆ្នាំ។ ដើម្បគ្រប់គ្រងគ្រោះមហន្តរាយ ជាពិសេសការជួយសង្គ្រោះជនរងគ្រោះពីគ្រោះមហន្តរាយទឹកជំនន់ និងគ្រោះមហន្តរាយនានានោះ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតកងកម្លាំងសង្គ្រោះនៅតាមអង្គភាពកងទ័ពគ្រប់បណ្តាខេត្ត ហើយបានហ្វឹកហ្វឺន និងបំពាក់សម្ភារបរិក្ខាសង្គ្រោះជាបន្តបន្ទាប់ជូនពួកគេ។

ទេសរដ្ឋមន្ត្រី ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលលើការងារគ្រោះមហន្តរាយរូបនេះបានគូសបញ្ជាក់ថា «ការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះ គឺជាកិច្ចការមួយដែលសម្តេចតេជោ ហ៊ុន សែន លោកបានយកចិត្តទុកដាក់ខ្ពស់ណាស់។ មកដល់ពេលនេះយើងបានបង្កើន និងហ្វឹកហ្វឺនកងកម្លាំងសង្គ្រោះនៅគ្រប់អង្គភាពទ័ព ហើយយើងបានបំពាក់សម្ភារ និងបរិក្ខាសង្គ្រោះគ្រប់គ្រាន់សម្រាប់ពួកគេប្រតិបត្តិការពេលមានគ្រោះទឹកជំនន់ ឬគ្រោះអាសន្ននានាកើតឡើង»។

បន្ថែមពីលើចំណេះជំនាញដែលបានហ្វឹកហ្វឺនហើយនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម គ្រប់កម្មវិធីបំពាក់សម្ភារ ក៏ដូចជាការសំណេះសំណាលជាមួយកម្លាំងសង្គ្រោះ តែងតែបានក្រើនរំលឹកដល់កម្លាំងសង្គ្រោះឱ្យប្រកាន់ខ្ជាប់នូវស្មារតីមុះមុតក្នុងការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋនៅពេលពួកគេជួបគ្រោះមហន្តរាយនានា។

ក្នុងពិធីប្រគល់សម្ភារ និងគ្រឿងបំពាក់ដល់កងប្រតិបត្តិការ និងសង្គ្រោះគ្រោះមហន្តរាយ ជូនកងពលតូចអន្តរាគមន៍លេខ១៤ នាព្រឹកថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានស្នើដល់បុគ្គលិកកងប្រតិបត្តិការរុករកសង្គ្រោះចងចាំថា ការងាររុករកសង្គ្រោះ គឺជាកិច្ចការប្រកបដោយគ្រោះថ្នាក់បំផុត ដែលតម្រូវឱ្យបុគ្គលិកមានវិន័យខ្ពស់ ថែទាំសុខភាពឱ្យបានមាំមួន អភិវឌ្ឍន៍សមត្ថភាពជំនាញជានិច្ច ធ្វើលំហាត់ និងធ្វើការហ្វឹកហ្វឺនជាប្រចាំ។

ក្នុងពិធីនាព្រឹកមិញនេះ លោកទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់ងាយរងគ្រោះដោយទឹកជំនន់ ជាពិសេសប្រជានេសាទ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុក្នុងរដូវវស្សានេះ។ ត្រូវតាមដានឱ្យជាប់នូវព័ត៌មានប្រមានជាមុនពីស្ថានភាព អាកាសធាតុ និងសេចក្តីជូនដំណឹងផ្សេងៗរបស់ក្រសួងជំនាញ និងប្រព័ន្ធផ្សព្វផ្សាយរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីត្រៀមលក្ខណៈជាមុនបានទាន់ពេលវេលា។

លោកទេសរដ្ឋមន្ត្រី ក៏បានក្រើនរំលឹកដល់អាជ្ញាធរនៅតាមមូលដ្ឋានទាំងអស់ ដែលសុទ្ធសឹងជាខ្សែបណ្តាញរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនោះ ត្រូវសហការណ៍គ្នាឱ្យបានជិតស្និទ្ធក្នុងការផ្សព្វផ្សាយព័ត៌មានគ្រោះមហន្តរាយជូនប្រជាពលរដ្ឋ និងត្រូវត្រៀមលក្ខណៈសម្បត្តិ ដើម្បីជួយសង្គ្រោះពួកគេពេលមានគ្រោះមហន្តរាយកើតឡើង។

សូមបញ្ជាក់ថា សម្ភារគ្រឿងបំពាក់មធ្យោបាយដល់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយនាពេលនេះ មានដូចជា៖ ទូក ១០គ្រឿង, ម៉ាស៊ីន ១០, ស្លាបចាក់១០, ម៉ាស៊ីនបូបទឹក ២០គ្រឿង, ទុយោទឹក ៤០ឈុត, ម៉ាស៊ីនភ្លើងចល័ត ២គ្រឿង, តង់ចល័ត ២០សម្រាប់, ខ្សែពួរប្រវែង ១,០០០ម៉ែត្រ, អាវពោង ២០០អាវ, ឯកសណ្ឋាន ៣៦០ឈុត, មួក ១២០, ពិល១០, ពិលសម្រាប់មួកសុវត្ថិភាព ៥កេះធំ, មួក គ.ជ.គ.ម.១២០, អាវយឺត១២០កំប្លេរ និងបាឡូដាក់សម្ភារៈ១២០ ព្រមទាំងសំភារៈរួមផ្សំផ្សេងៗជាច្រើនផងដែរ៕