ប្រធានថ្មីធនាគារពិភពលោកប្រចាំកម្ពុជា ជួបសំដែងការគួរសម ជាមួយរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ


លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានថ្មីធនាគារពិភពលោកប្រចាំកម្ពុជា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅទីស្តីការក្រសួង។

ក្នុងជំនួបនាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ លោករដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងលោកស្រីប្រធានថ្មីធនាគារពិភពលោកប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ប្រកបដោយក្តីសោមនស្សរីករាយ ចំពោះជំនួយឧបត្ថម្ភកន្លងមករបស់ធនាគារពិភពលោក ជូនចំពោះរដ្ឋាភិបាល និងប្រជាជនកម្ពុជា ពិសេសការគាំទ្រដល់កិច្ចការកំណែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា។

ក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានប្តេជ្ញាខិតខំបន្តអនុវត្តគម្រោងជំនួយបច្ចេកទេស ដែលមានបច្ចុប្បន្នឱ្យសម្រេចបានដល់គោលដៅ ដែលមានជាអាទិ៍៖ វគ្គបណ្តុះបណ្តាល ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ការរៀបចំផែនការនិរន្តរភាពការងារក្នុងអំឡុងពេលនៃការរីករាលដាល ជំងឺកូវីដ-១៩ កម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ការផ្តល់ធាតុចូលលើសេចក្តីព្រាងច្បាប់ស្តីពីការផ្តល់សេវាសាធារណៈ និងការសិក្សាស្តីពី លាភការ ការលើកទឹកចិត្ត និងសមិទ្ធកម្មក្នុងវិស័យសាធារណៈ។

ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ក៏បានថ្លែងអំណរគុណដល់ធនាគារពិភពលោក ដែលបានផ្តល់ជំនួយបច្ចេកទេសនាពេលកន្លងមក និងសង្ឃឹមថាក្រុមការងារភាគីទាំងពីរនឹង ខិតខំស្វែងរកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតដែលមានលក្ខណៈជាក់ស្តែង និងមានប្រសិទ្ធភាពសម្រាប់កម្ពុជា ហើយសមស្របតាមគន្លងនៃប្រក្រតីភាពថ្មីក្នុងបរិបទកូវីដ-១៩ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យមុខងារសាធារណៈ ក៍ដូចជាកំណែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា។

ជាចុងក្រោយនៃជំនួបនេះទាំងឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងលោកស្រី ម៉ារីយ៉ាម សាលីម ប្រធានថ្មីធនាគារពិភពលោកប្រចាំកម្ពុជា បានសម្តែងនូវឆន្ទៈយ៉ាងមុតមាំក្នុងការបន្តទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អប្រសើរ ក្នុងកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ នាពេលអនាគត៕